ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិតសភាចារ្យ

39

(FN)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាសចូលកាន់តំណែង​ជាប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា របស់លោក​បណ្ឌិត​សភាចារ្យ សុខ ទូច ជាប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិតសភាចារ្យមួយចំនួនទៀត។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ប្រធានរាជបណ្ឌិតសភាកម្ពុជា និងសមាសភាពក្រុមបណ្ឌិតសភាចារ្យកម្ពុជា៖

– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងក្តីសប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញចូលរួមតែងតាំងថ្នាក់ដឹកនាំរាជបណ្ឌិត្យសភា នៃរាជបណ្ឌិត្យសភាថ្មី រួមមាន៖ លោក អូន ព័ន្ធមុនី លោក ហង់ ជូនណារ៉ុន លោក ហ៊ីង ថូរ៉ាស៊ី និងលោក ចាន់ សំណព្វ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជបណ្ឌិត្យសភា បានកើតឡើងក្នុងដំណាក់កាលរបស់សម្តេចគ្រប់គ្រង ហើយប្រៀបដូចជាកូនបង្កើតរបស់សម្តេច តែគួរឲ្យសោកស្តាយ ដែលសម្តេចមិនបានយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ចំពោះស្ថាប័នដ៏មានគុណតម្លៃរបស់ជាតិមួយនេះ។

– សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា ធនធានមនុស្សនៅកម្ពុជា ដែលបានប្រឹងប្រែងដាំដុះក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ កំពុងទទួលបានផ្លែផ្កាហើយ។ សម្តេចបានបញ្ជាក់ថា ក្រោយប្រទេសត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ តើខ្មែរសល់អ្នកចេះដឹង និងបណ្ឌិតបានប៉ុន្មាននាក់ តែបច្ចុប្បន្នខ្មែរមានបណ្ឌិត និងអ្នកចេះដឹងបានច្រើនហើយ។

– សម្តេចតេជោ បន្តថា ក្នុងពេលសម្តេចកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងការបរទេសដែលមានវ័យត្រឹម ២៧ឆ្នាំក្មេងជាងគេលើលោកនោះ គឹមានមនុស្សតែ ៣នាក់ប៉ុណ្ណោះ បម្រើការងារក្នុងក្រសួងការបរទេសនាពេលនោះ ហើយរាល់ពេលសម្តេចទៅកាន់ប្រទេសនានា សម្តេចមិនភ្លេចឡើយការសូមអាហារូបករណ៍ជូននិស្សិតកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ក្នុងពេលសម្តេចធ្វើជាមេទ័ពសម្តេចបានបណ្តុះបណ្តាលនារសារបស់សម្តេចចំនួន៣រូប គឺសម្តេចវិបុលបញ្ញា សុខ អាន លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក ឡុង វីសាឡូ ឲ្យមានចំណេះដឹងស្មើនិងសម្តេច ដោយសម្តេចមិនទុកឲ្យនៅត្រឹងនោះទេ។

– ផ្តើមចេញពីពិសោធន៍របស់សម្តេចក្នុងការបណ្តុះបណ្តាល និងផ្តល់ឱកាសឲ្យមនុស្សនៅជុំវិញខ្លួននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យផ្តល់ឱកាសដល់យុវជន ដើម្បីក្លាយជាចលនាជាតិមួយក្នុងការបណ្តុះបណ្តាលមនុស្សជំនាន់ថ្មី។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ប្រវត្តិលោក សុខ ទូច ក៏ជាប្រវត្តិដ៏កម្សត់ផងដែរ នៅពេលរបបប្រល័យពូជសាសន៍ដួលរំលំ រកឪពុកម្តាយបង្កើតមិនឃើញនោះទេ ហើយបានយកលោក អ៊ុ សារិទ្ធ ធ្វើជាឪពុក និងបានកាន់កាំភ្លើងការពារសម្តេចតេជោ ទៅខេត្តកំពង់ចាម។ លុះដល់រកឪពុកម្តាយបង្កើតឃើញ ទើបលោក សុខ ទូច ត្រូវបានបញ្ជូនទៅរៀននៅប្រទេសរុស្ស៊ី។

– សម្តេចតេជោ ហ៊ុន សែន បានហៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នថា បាននឹងកំពុងក្លាយពីប្រទេសមានភាពទ្រុឌទ្រោមគ្រប់បែបយ៉ាង រួមទាំងធនធានមនុស្សផងនោះ ក្លាយមកជាប្រទេសមានកម្លាំងកំហែងមាំមួន តែក៏មិនទាន់គ្រប់គ្រាន់នោះដែរ គឺត្រូវតែដើរឲ្យហួសពីនេះបន្ថែមទៀត។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់ថ្នាក់ដឹកនាំរាជ្យបណ្ឌិតសភាថា ដើម្បីឲ្យស្ថាប័ននេះ ក្លាយជាស្ថាប័នធនធានបញ្ញាពិតប្រាកដ ភាពសាមគ្គីផ្ទៃក្នុង គឺជារឿងសំខាន់បំផុត។ សម្តេចតេជោ បានរំលឹកពីពិសោធន៍របស់សម្តេចថា ពេលសម្តេចធ្វើជារដ្ឋមន្រ្តីការបរទេស ត្រូវបានគេហៅថា ជារដ្ឋមន្រ្តីមិនទាន់បាត់ធំក្លិនទឹកដោះ តែសម្តេចអាចបន្តដំណើរទៅមុខរហូតមកដល់ពេលបច្ចុប្បន្ន ដោយសារការដាក់ខ្លួនដាក់កាយរៀនសូត្រ ហើយមិនដើរពើងទ្រូង ឬ ក្រអើតក្រទមនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ធ្វើជាមេដឹកនាំគេ មិនអាចដើរពើងទ្រូង ក្រអើតក្រទម ឬតាំងខ្លួនជាងអ្នកចេះដឹងលើសគេលើសឯង នឹងបង្កើតជាភាពឯកោសម្រាប់ខ្លួនឯង។

– សម្តេចតេជោ ហ៊ុន សែន បានស្នើលោកបណ្ឌិតសភាចារ្យ សុខ ទូច ត្រូវធ្វើឲ្យបាននូវកំណែទម្រង់ បើធ្វើមិនបានទេ ស្ថាប័ននេះនឹងក្លាយទៅជារយីករយាកជាមិនខាន ព្រោះស្ថាប័ននេះប្រជុំទៅដោយអ្នកចេះដឹងខ្ពស់ៗណាស់។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគ្រប់គ្រងបញ្ញវន្តជារឿងលំបាកណាស់ តែបើចេះដឹកនាំនឹងអាចធ្វើឲ្យបញ្ញវន្តអង្គុយធ្វើការជាមួយគ្នាបាន។

– សម្តេចតេជោ ហ៊ុន សែន បានរំពឹងថា កម្លាំងយុវជននៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើឲ្យស្ថាប័ននេះកាន់តែល្អប្រសើរ តែត្រូវបែងចែកការងារឲ្យបានច្បាស់លាស់។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសជិះយន្តហោះទៅឡាវ ដើម្បីសួរនាយករដ្ឋមន្រ្តីឡាវ តើព្រមដកកងទ័ពចេញពីប្រទេសកម្ពុជាឬអត់?

– សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅប្រជាពលរដ្ឋបើឃើញកងទ័ពចល័តកុំមានកាភ្ញាក់ផ្អើល គឺកងទ័ពនោះចល័តទៅខេត្តស្ទឹងត្រែង ដើម្បីត្រៀមដេញកងទ័ពឡាវចេញពីប្រទេសកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត ឲ្យដកកងទ័ពចេញពីដីកម្ពុជាដោយគ្មានលក្ខខណ្ឌ នៅត្រឹមថ្ងៃទី១៧ ខែសីហានេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ភាគីឡាវថា មិត្តភក្តិជារឿងមិត្តភក្តិ តែមិនអាចឲ្យមិត្តភក្តិមកជាន់ក្បាលខ្មែរនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចាត់ចែងមេទ័ពខ្មែររួចអស់ហើយ ឲ្យត្រៀមលក្ខណៈសម្បត្តិបណ្តេញទ័ពឡាវចេញពីដីខ្មែរ។

– សម្តេចតេជោ ហ៊ុន សែន ទុកពេល៦ថ្ងៃ ឲ្យឡាវដកទ័ពចេញពីដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងកងទ័ពឡាវ ឈ្លានពានទឹកដីខ្មែរនៅខេត្តស្ទឹងត្រែង សម្តេចអត់ធ្មត់លែងបានហើយ បន្ទាប់ពីសំបុត្ររបស់សម្តេចផ្ញើទៅនាយករដ្ឋមន្រ្តីឡាវ គ្មានការឆ្លើយតប។

– សម្តេចតេជោថា សម្តេចមិនមែនប្រកាសសង្រ្គាមជាមួយឡាវនោះទេ តែមិនអាចឲ្យនរណាមកយកដីខ្មែរបាននោះឡើយ។ សម្តេចថែមទាំងបានបបួលឡាវ ទៅកាន់តុលាការការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដើម្បីដោះស្រាយជម្លោះព្រំដែននេះថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង១០៖០៨នាទីព្រឹកថ្ងៃដដែលនេះ, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕

ចែករំលែក