សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញទស្សនកិច្ចរោងចក្រកែច្នៃសំរាម ធ្វើដំណើរតាមរថភ្លើងស្វ័យប្រវត្តិធុនស្រាល ដែលរៀបចំដោយសមាគមន៍មិត្តភាពសភាជប៉ុន កម្ពុជា

34

ក្នុងឱកាស​នៃការស្នាក់អា​ស្រ័យ​ អញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវ​ការ ការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅ​ព្រឹកថ្ងៃទី៨ សីហា សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​គណៈប្រតិភូជាន់ខ្ពស់រាជ​រដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើទស្សន​កិច្ចទៅកាន់​រោងចក្រកែច្នៃសំរាម ក្នុងទីក្រុង​តូក្យូ។ វត្តមាននៃការអញ្ជើញដល់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបាន​ការធ្វើគារវកិច្ចស្វាគមន៍​យ៉ាងកក់​ក្តៅពីលោក តៃ ជីរ៉ូ នីហ្សីកាវ៉ា ប្រធានអាជ្ញាធរ​សំអាត​ទីក្រុង​តូក្យូ រួមទាំងអស់​លោក លោកស្រី ជាថ្នាក់ដឹកនាំ​រោងចក្រកែ​ច្នៃសំរាម​​ទីក្រុង​តូក្យូជា​ច្រើនរូប។

នៅក្នុងបទឧ​ទ្ទេសនាមដែល​លើកឡើង​ដោយ លោក តៃជីរ៉ូ នីហ្សីកាវ៉ា ប្រធានអាជ្ញាធរ​សំ​អាត​ទីក្រុងតូក្យូ បានឲ្យ​ដឹងថា បច្ចុប្បន្ននេះ​រោងចក្រកែច្នៃ​សំរាម​របស់លោ​ក មានទីតាំង​ប្រមូលសំ​រាមចំនួន​៩កន្លែង ក្នុងទីក្រុង​តូក្យូ និងមានល​ទ្ធភាព​ប្រមូល​សំរាមមក​ផ្គត់ផ្គង់​រោងចក្រ​នេះ ក្នុង១ថ្ងៃចំ​នួនប្រមាន ១ពាន់​៨០០តោន ដែលអាចដុត​ជាចំហេះភ្លើង​ប្រែក្លាយ​ជាប្រភព​ថាមពល​អគ្គិសនី មិនគ្រាន់​តែផ្គត់​ផ្គង់ក្នុង​រោងចក្រនេះ​ប៉ុណ្ណោះទេ តែ​មានលទ្ធផលអាច​ផ្គត់ផ្គង់​ទៅតាម​តំបន់​មួយ​ចំនួន​ផងដែរ។ លោកប្រធាន​មានប្រសាសន៍​ឲ្យដឹង​ដែរថា បច្ចុប្បន្ន​អាជ្ញា​ធរសំរាម​ទីក្រុង​តូក្យូ មានថ្នាក់​ដឹកនាំ​ និងបុគ្គលិកស​រុបចំ​នួន​ជាង៩០០​នាក់ ដែលមានមុខងារ​និងប្រតិបត្តិ​ប្រមូល​​សំ​រាម ក្នុងទីក្រុងតូក្យូ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅដ៏ច្រើន​កុះករ។

លោកប្រធាន​អាជ្ញាធរក៏បាន​ថ្លែង​ដែរថា វត្តមាន ដ៏ថ្លៃថ្លាបំផុតរបស់​សម្តេចតេជោនា​យករដ្ឋមន្រ្តី ទៅកាន់រោងចក្រ​កែច្នៃសំរាម​នៅពេល​នេះ គឺជាការ​ផ្តល់នូវ​មហា​កិត្តិ​យស ដ៏ខ្ពង់ខ្ពស់​បំផុត និងក៏ជាការ​ផ្តល់​នូវកំលាំង​លើកទឹក​ចិត្តដល់​ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងកម្មករ​ប្រមូល​​សំរាម​​ទាំងអស់ ក្នុងការ​អនុវត្តសកម្មភាព​ការងារកាន់​តែប្រសើរ​ឡើងថែ​ម​ទៀត ។

មានប្រសាន៍​​សំណេះសំណាល​ទៅកាន់ថ្នា​ក់​​ដឹកនាំ និងមន្រ្តី​បុគ្គលិក នៃអាជ្ញាធរ​សំរា​មទីក្រុងតូក្យូ សម្តេច​តេជោ នាយករដ្ឋមន្រ្តីបានថ្លែ​ងនូវ​ការកោត​សរសើរ និង វាយតម្លៃខ្ពស់ចំពោះ​សកម្មភាព​ប្រមូល​សំរាប់ និងការកែច្នៃសំរាម បង្កើតឡើងជាប្រ​ភពថាមពល​អគ្គិសនី​ផ្គត់ផ្គង់រោងចក្រ និងប្រជាពលរដ្ឋ​រស់នៅក្បែរ​រោង​ចក្រ។ សម្តេចតេជោនាយក​រដ្ឋមន្រ្តីមានប្រ​សាសន៍​បន្តថា រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្នកំពុងតែ​ជួប​ប្រទៈនូវបញ្ហា​ប្រឈ​មចំនួនពីរ គឺទី១បញ្ហាសំរាមនៅ​ពេល ដែលកម្មករ​ឈប់សំរាក​ពីការងារ និង​ទី២គឺការ​កក​ស្ទះ​ចរាចរណ៍។ ​សម្តេចតេជោនាយក​រដ្ឋមន្រ្តីមាន​ប្រសាសន៍បន្តថា សម្តេចពិតជា​មានការ​សប្បាយ រីករាយ​ដោយបានមកទស្សន​កិច្ចរោងចក្រកែច្នៃសំ​រាមនៅ​ពេលនេះ ដែលនេះគឺជាឱកាស​ឲ្យសម្តេចនិង​គណៈប្រតិភូ បានធ្វើការ​សិក្សាស្វែង​យល់ជា​ក់ស្តែងពីការ​គ្រប់គ្រង និងការ​ប្រ​មូលសំរាម ពីតាមលំនៅ​ដ្ឋាននិង​ទីសាធារណៈ​នានា។ សម្តេចតេជោ​មាន​ប្រសាសន៍​បន្តថា នៅពេលខាងមុខសម្តេចនិង​បញ្ជួនមន្រ្តី​ជំនាញ​ទៅធ្វើការ​សិក្សា ដើម្បី​ដកស្រង់​​បទ​ពិសោធន៍​ស្តីពីការ​គ្រប់គ្រង និងការ​ប្រមូល​សំរាម ជាមួយនិង​អាជ្ញាធរ​សំអាតសំរាមក្រុងតូក្យូ។

សូមបញ្ជាក់​ដែរថា គណៈប្រតិភូជាន់​ខ្ពស់រាជរ​ដ្ឋាភិបាលក​ម្ពុជា អញ្ជើញអមដំ​ណើរសម្តេចតេ​ជោ​នាយករដ្ឋមន្រ្តី អញ្ជើញបំ​ពេញ​ទស្សន​​កិច្ចផ្លូវការ ការងារ នៅទីក្រុងតូក្យូ ប្រទេស​ជប៉ុន នៅពេលនេះ​រួម​មាន ឯកឧត្តម​បណ្ឌិត​សុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង​អភិវឌ្ឍន៍​ជនបទ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូ​អមនាយក​រដ្ឋមន្រ្តី និងជាអគ្គលេខាធិ ការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអ​មនាយករ​ដ្ឋមន្រ្តី ឯកឧត្តម កៅ គឹមហួន រដ្ឋ​មន្រ្តី​ប្រតិភូ​អមនាយក​រដ្ឋមន្រ្តី ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិកា​រក្រសួងការបរទេស និងសហប្រតិប​ត្តិការអន្តរជាតិ ព្រមទាំងវត្តមាន​ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជ​រដ្ឋាភិបាល​ជាច្រើនរូប។ ដោយឡែក​គណៈប្រ​តិភូ សភាពា​ណិជ្ជកម្ម​ចំនួន១៨នាក់ ដឹកនាំដោយឯ​កឧត្តមអ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជ​កម្មកម្ពុជា ក៏មានវត្ត​មានអញ្ជើញ​អមដំណើរ​សម្តេចតេ​ជោ នាយករដ្ឋមន្រ្តី អញ្ជើញបំពេញ​ទស្សន​កិច្ចផ្លូវការការងារ នៅទីក្រុងតូក្យូ ប្រទេស​ជប៉ុនរយៈពេល៣​ថ្ងៃផងដែរ។

សូម​បញ្ជាក់ដែរ​ថា នេះគឺជាដំណើរទ​ស្សនកិច្ច​ផ្លូវការការងារលើ​កទី២១ របស់សម្តេច​តេ​ជោនាយករដ្ឋមន្រ្តីទៅកាន់​ប្រទេសជប៉ុន គិតចាប់តាំង​ពីឆ្នាំ១៩៩០​រហូតមក​ដល់បច្ចុប្បន្ន។ ឆ្នាំ២០១៧នេះ គឺជា​ឆ្នាំពិសេស​​នៃទំនាក់​​ទំនងរ​វាង​ប្រ​ទេស​យើងទាំងពីរ ពោលគឺជាខួប៦​០ឆ្នាំ នៃការចាប់ផ្តើម​​ផ្លាស់ប្តូរ​​ដំណើរទស្សន​កិច្ច ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ទាំងពីរ ដែលក្នុងនោះ​ឯកឧត្តម​​អតីតនាយក​រដ្ឋមន្រ្តីជប៉ុន និងជាជីតា​របស់​​ឯកឧត្តម​​​នាយក​​រដ្ឋមន្រ្តី អាបេ ផ្ទាល់ បានអញ្ជើញមក​​បំពេញ​​ទស្សន​កិច្ច​នៅ​កម្ពុជា​​លើកទី១ ឆ្នាំ១៩៥៧ ហើយដែល​ចាប់​តាំង​​ពីរពេលនោះមក កិច្ចសហប្រតិ​បត្តិ​ការទ្វេ​ភាគី ព្រមទាំង​ការផ្លាស់​ប្តូរទស្សនកិច្ច​ និងការជួប​ប្រាស្រ័យ​ទាក់ទង​​គ្នាជាប់​​ជាប្រចាំ រវាងថ្នាក់ដឹកនាំ​កំពូល​​ថ្នាក់​ដឹក​​នាំស្ថាប័ន​នីតិបញ្ញត្តិ និងថ្នាក់ដឹ​កនាំ​ក្រសួង ស្ថាប័ន ប្រទេសទាំងពីរ មានការ​រីក​ចម្រើន​ឥ​តឈប់​ឈរ និង​ម្យ៉ាង​វិញទៀតឆ្នាំនេះក៏​ជាខួប​២៥ឆ្នាំ នៃការចូលរួមរ​បស់​កងកម្លាំង​ជប៉ុនលើ​កដំ​បូង ក្នុង​ការថែរក្សា​សន្តិភាព​នៅ​​កម្ពុជា នៅក្នុង​ក្របខណ្ឌនៃ​អង្គការ​សហប្រជាជាតិ។

សូមបញ្ជាក់​ដែរថា  ព្រះរាជាណាចក្រ​​កម្ពុជា និងប្រទេសជ​ប៉ុន បានភ្ជាប់ទំ​នាក់ទំ​នងការ​ទូតជាមួយ​គ្នានៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ រហូតមកដល់​ឆ្នាំ​១៩៩២ ប្រទេសជប៉ុនបាន​បើកស្ថាន​ទូតរបស់​ខ្លួននៅទីក្រុងភ្នំពេញ​។ កាលពីឆ្នាំ២០១៣ ប្រទេសទាំងពីរបានឯក​ភាព ក្នុងការប្រារព្វខួ​បលើកទី៦០ នៃការបង្កើតទំនាក់ទំនងកា​រទូតរបស់ប្រ​ទេសទាំងពីរ ដែលក្នុងនោះភាគីទាំងពីរ​​បានប្រារព្វរៀ​បចំស​កម្មភាព​ជាង១២០ ដើម្បីអបអរ​សាទរខួបអនុស្សាវរីយ៍ជា​ប្រវត្តិសាស្រ្តនោះ។ នៅក្នុងដំណើរ​ទស្សនកិ​ច្ចផ្លូវការ​ការងាររបស់ស​ម្តេចតេជោនាយករ​ដ្ឋមន្រ្តី ទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំ២០១៥ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ គឺសម្តេចតេជោនា​យករដ្ឋមន្រ្តី និងឯកឧត្តមនាយករ​ដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានឯកភាព​គ្នា​ក្នុងការតម្លើង​ទំនាក់ទំនងកា​រទូតនៃប្រទេស​ទាំងពីរ កម្ពុជា-ជប៉ុន ទៅជាដៃគូយុទ្ធសាស្រ្ត។

​បន្ទាប់ពីបានទស្សន​កិច្ចរោងចក្រកែច្នៃ​សំរាមក្រុង​តូក្យូរួចមក សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ​ទាំង​អស់ បានអញ្ជើញធ្វើ​ដំណើរតាម​រថភ្លើងស្វ័យ​ប្រវត្តិធុនស្រាល Yurikamome ពីស្ថានីយ៍រថភ្លើងតូយូសឺ ឆ្ពោះទៅ​កាន់ស្ថានីយ៍ រថ​ភ្លើងអារីកិ ក្នុងទីក្រុងតូក្យូ ប្រទេស​ជប៉ុន។

សូមបញ្ជាក់ដែរថា នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និង​​ពាណិជ្ជកម្ម ប្រទេស​ទាំងពីរ​កម្ពុជា ជប៉ុន មាន​ការ​រីកចម្រើន​លូត​លាស់​យ៉ាង​ឆាប់រហ័ស ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ ក្នុងនោះ ទំហំពាណិជ្ជកម្ម​នៃប្រទេស​ទាំងពីរកាលពី​ឆ្នាំ២០១៤ កន្លងទៅ ការនាំចូល​ពីប្រទេសជប៉ុន​មកកាន់​ប្រទេសកម្ពុជា មានទឹកប្រាក់ជា​ង៣៤៣លានដុល្លាអាមេរិក ការនាំចេញពីកម្ពុជាទៅ​កាន់ប្រទេសជប៉ុនមានទឹក​ប្រាក់ទំហំជាង៥៦១ លានដុល្លាអាមេរិក។ ឆ្នាំ២០១៥​ការនាំចូលពីជប៉ុនមកកាន់កម្ពុជាមានទឹកប្រាក់ទំហំជាង ៩៦៨លានដុល្លា ការនាំ ចេញពីកម្ពុជាទៅកាន់ជប៉ុន មានទឹកប្រាក់ជាង​៣០១លានដុល្លា។ ឆ្នាំ២០១៦​ការនាំចូលពី​ជប៉ុនមកកាន់កម្ពុជា មាន ទឹកប្រាក់ជា១ពាន់២០៥លានដុល្លា ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសជ​ប៉ុនមានទឹកប្រាក់ជាង៣០៧លានដុល្លា។ លើវិស័យ​វិនិយោគទុន ជប៉ុនបានបណ្តាក់ទុនវិនិ​យោគគិតមក​ដល់៦​ខែដើម​ឆ្នាំ២០១៧​នេះ មានទុនវិ​និយោគ​សរុប ជាង៩ពាន់​៣៦៧លានដុល្លា ដែលមានក្រុ​មហ៊ុន​សរុប​២៤២ក្រុមហ៊ុន។ លើវិស័យទេសចរណ៍មា​នអ្នកទេសចរណ៍ ជប៉ុន មកទស្សនាកំសាន្តនៅកម្ពុជា​ ក្នុងឆ្នាំ២០១៥ចំនួន១៩៣ពាន់៣៣០នាក់។ ឆ្នាំ២០១៦មានចំនួន១៩១ពាន់ ៥៧៧នាក់ និងរយៈពេល៥ខែដើមឆ្នាំ២០១៧នេះ មានអ្នកទេសចរណ៍ជប៉ុ​នមកទស្សនាកំសាន្តនៅ​កម្ពុជាមានចំ​នួន ៨៥ពាន់៥៧១នាក់។

ចែករំលែក