ក្រសួង​ការបរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​​​​​​​​​​​​​​​​​​​​​​​​អន្ត​រ​ជាតិ ​ព្រម​ទាំ​ង​ស្ថាន​ទូត​ និង​ស្ថាន​អគ្គ​កុង​ស៊ុល​​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ តែង​តែ​យក​ចិត្ត​ទុក​​ដាក់​ការពារ​ផល​ប្រយោជន៍​ជូន​​ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​​ប្រទេស​​​

26

ក្រសួងការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ ព្រមទាំងស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា​នៅក្រៅប្រទេស តែងតែយកចិត្តទុកដាក់ការពារផលប្រយោជន៍ជូនពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាអាទិ៍៖

-ជួយសម្របសម្រួលក្នុងការបញ្ជូនពលករ-ពលការិនី ទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស។

-ដោះស្រាយរាល់បញ្ហារបស់ពលករ-ពលការិនីនៅក្រៅប្រទេស ទាំងស្របច្បាប់និង​មិនស្រប​ច្បាប់។

-ចរចានិងសម្របសម្រួលជាមួយអាជ្ញាធរ​មាន​សមត្ថកិច្ចនៃ​ប្រទេស​តាំងនៅក្នុងការផ្តល់ប័ណ្ណការងារ និងទិដ្ឋាការ/ប័ណ្ណ​ស្នាក់​នៅជូន​ពល​ករ-ពលការិនីខ្មែរ។

-ជួយសង្រ្គោះស្ត្រីខ្មែរ ដែលរងគ្រោះចាញ់បោកមេខ្យល់ទៅ​រៀបការជាមួយជនបរទេស។

-អន្តរាគមន៍ចំពោះការរំលោភ​បំពាន​ផ្សេងៗពីសំណាក់និយោជក ឬជនបរទេស មកលើពលករ-     ពលការិនី ឬពលរដ្ឋ​ខ្មែរ តាមរយៈការជួយសង្គ្រោះ ការផ្ដល់ការ​គាំទ្រ​ផ្នែក​​​ច្បាប់ និង​​ការទាមទារសំណងឬប្រាក់បៀវត្សដែលនៅសេសសល់។

-ទាមទារប្រាក់ធានារ៉ាប់រងសម្រាប់ពលករ-ពលការិនី ដែលរងគ្រោះថ្នាក់ ឬបាត់បង់ជីវិត ក្នុងពេល  បំពេញការងារ។

-ផ្តល់សេវាពន្យារសុពលភាពលិខិតឆ្លងដែន និងសេវាកុងស៊ុលផ្សេងៗ ជូនពលរដ្ឋកម្ពុជានៅក្រៅប្រទេស​ដោយឥតគិតថ្លៃ។

-ជួយឧបត្ថម្ភថវិកា និងតាមដានសុខទុក្ខរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលជួបការលំបាកក្នុង ជីវភាពឬមានគ្រោះថ្នាក់ផ្សេងៗ និងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ពលរដ្ឋខ្មែរណាដែលត្រូវបាន អាជ្ញាធរនៃប្រទេសតាំងនៅ ចោទប្រកាន់ពីការប្រព្រឹត្តបទល្មើស ឬត្រូវបានចាប់ខ្លួន និងឃុំឃាំង។

-ធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញារធរពាក់ព័ន្ធនៃប្រទេសតាំងនៅ អង្គការជាតិ និងអង្គការអន្តរជាតិនានា ដើម្បីជួយដោះស្រាយនូវរាល់បញ្ហារបស់ពលរដ្ឋ និងពលករខ្មែរ។

-ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ព្រមទាំងរៀបចំមាតុភូមិនិវត្តន៍ជូនពលរដ្ឋ និងពលករ-    ពលការិនីខ្មែរ ដែលជួបការលំបាកក្នុងការរស់នៅឬក្នុងការងារ និងស្រ្តីរងគ្រោះដោយការបោកបញ្ឆោត ឬការជួញដូរផ្សេងៗ ។ល។

ជាក់ស្តែង ក្នុងឆ្នាំ២០១៦ (ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ៣១​ ខែ ធ្នូ)  ក្រសួងការបរទេស និងសហ-ប្រតិបត្តិ​ការ​អន្តរជាតិ ក៏ដូចជាស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជា​នៅក្រៅប្រទេស បានជួយដោះស្រាយ​​បញ្ហាជូនពលរដ្ឋ ពលករ-ពលការិនី​ និងស្ត្រីខ្មែរ  សម្រេចបានលទ្ធផលសំខាន់ៗ ដូចតទៅ៖

១- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

-ណែនាំគ្រប់ស្ថានតំណាងក្រៅប្រទេស យកចិត្តទុកដាក់ខ្ពស់ចំពោះការដោះស្រាយនូវរាល់ បញ្ហាដែលកើតមានឡើងចំពោះពលរដ្ឋ/ពលករ-ពលការិនី/ស្រ្តីខ្មែរ ទាំងក្នុងករណីស្របច្បាប់ និងមិនស្របច្បាប់។

-ផ្តល់ការណែនាំក្នុងករណីជាក់លាក់នីមួយៗ។

-ជួយសម្រួលស្នើសុំទិដ្ឋាការជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ចាប់ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ១៣ ខែធ្នូ ២០១៦ បានចំនួន ៩៧.១០២​ នាក់។

(ឆ្នាំ ២០១៥ ក្រសួងការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ បានធ្វើកំណត់ទូតស្នើសុំទិដ្ឋា​ការជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ បានចំនួន៦៨.១៧៤ នាក់។)

-ចរចាទាមទារភាគីថៃ បញ្ឈប់ការប្រើប្រាស់អាវុធមកលើពលរដ្ឋខ្មែរដែលបានឆ្លងដែនចូលទៅកាប់ឈើក្នុងទឹកដីថៃ។

-ចរចាទាមទារភាគីថៃ បញ្ឈប់ការចាប់ខ្លួនពលករកម្ពុជា ដែលកាន់ប័ណ្ណស្នាក់បណ្តោះអាសន្ន (ប័ណ្ណ​ពណ៌ស៊ីជម្ពូ) ផ្តល់​​​ប័ណ្ណ​ការងារ​ (Work Permit) និងទិដ្ឋាការស្នាក់នៅដល់​ពលករខ្មែរ។

-ជួយសម្រួលក្នុងការបញ្ជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការ​នៅ​សាធារណរដ្ឋកូរ៉េ មានចំនួនសរុប៥០.២៨១ នាក់​ (ចាប់ពីឆ្នាំ ២០០៧ ដល់ថ្ងៃទី​ ២ ធ្នូ ២០១៦)។

-ទទួលពាក្យបណ្តឹងនានាពីប្រជាពលរដ្ឋ អង្គការ និងអាជ្ញាធរក្នុងប្រទេស ដែលស្នើអោយជួយធ្វើអន្តរាគមន៍ និងជួយសង្រ្គោះពលរដ្ឋខ្មែរ ដែលជួបបញ្ហានៅក្រៅប្រទេស។

-ជូនព័ត៌មានទៅក្រុមគ្រួសារ និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា អំពីករណីពលរដ្ឋ/ពលករខ្មែរនៅក្រៅប្រទេស ជួបការលំបាក និងរងគ្រោះដោយសារបញ្ហាផ្សេងៗ ហើយនិងមាតុភូមិ​និវត្តន៍របស់ពួកគេ។

២- ព្រះរាជាណាចក្រថៃ

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បាន៖

-អន្តរាគមន៍ តម្លើងប្រាក់ឈ្នួលជូនពលករស្របច្បាប់ ចំនួន ២៦០ នាក់

-អន្តរាគមន៍ និងដោះស្រាយ នៅពេលមានការរំលោភបំពានផ្សេងៗ ពីសំណាក់​និយោជកមកលើពលករខ្មែរ  ផ្តល់ការគាំទ្រផ្នែកច្បាប់ (ផ្តល់មេធាវីពេលឡើងតុលាការ) ​និងទាមទារសំណងផ្សេងៗ

-សម្រួល​មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន១៣៩នាក់ ក្នុងនោះ១១០នាក់ រស់នៅនិងធ្វើការខុសច្បាប់ ២នាក់ប្រព្រឹត្តបទល្មើសក្លែងត្រា ២២នាក់កាប់ឈើខុសច្បាប់ និង ៥ នាក់រងការបំពានពីនិយោជក។

-ផ្តល់សេវាពន្យារសុពលភាពលិខិតឆ្លងដែន និងសេវាកុងស៊ុលផ្សេងៗទៀត ជូនពលករ និងពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ។

-ទាមទារប្រាក់សំណង ជូនពលករ-ពលការិនី ដែលរងរបួសឬបាត់បាត់ជីវិត ដោយសារ គ្រោះថ្នាក់ការងារ​។

-ជួយសម្របសម្រួលជាមួយអាជ្ញាធរថៃ ក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋ/​ពលករខ្មែរដែលឆ្លងដែននិងធ្វើការខុសច្បាប់ មកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ចំនួនជាមធ្យមប្រមាណ ១០០០នាក់ក្នុងមួយសប្តាហ៍។

៣- ប្រទេសវៀតណាម

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានជួយ
សង្គ្រោះ និងសម្រួល​ការ​ធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋកម្ពុជា ដែលរស់នៅនិងធ្វើការខុសច្បាប់នៅ ក្នុងប្រទេសវៀតណាម ហើយនិងរងគ្រោះដោយការជួញដូរមនុស្សឆ្លងកាត់តាមប្រទេសវៀតណាម  ចំនួន២៣១ នាក់ ក្នុងឆ្នាំ២០១៦ ។

៤- ប្រទេសឡាវ

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសឡាវ បានសម្រួល​ការ​ធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរ ដែលរស់នៅខុសច្បាប់ក្នុងប្រទេសឡាវ ចំនួន២នាក់ ក្នុងឆ្នាំ២០១៦។

៥- ប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះ និងសម្រួល​ការ​ធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋ និងពលករ-ពលការិនីកម្ពុជា ដែលជួបការលំបាកក្នុងការងារ និងរងគ្រោះដោយការជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ៖

-ឆ្នាំ ២០១៦ ចំនួន ២៧២ នាក់

-ឆ្នាំ ២០១៥ ចំនួន ៥៨ នាក់

-ឆ្នាំ ២០១៤ ចំនួន ៣៤ នាក់

៦– ប្រទេសឥណ្ឌូណេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ី បានជួយសង្គ្រោះ និងសម្រួល​ការ​ធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរ ដែលភាគច្រើនគឺពលករខ្មែររងគ្រោះដោយការជួញដូរកម្លាំងពលកម្ម ទៅធ្វើជាកម្មករលើទូកនេសាទបរទេស៖

-ឆ្នាំ ២០១៦ ចំនួន ៧៨ នាក់

-ឆ្នាំ ២០១៥ ចំនួន ៤២៨ នាក់

-ឆ្នាំ ២០១៤ ចំនួន ២៣ នាក់

៧- ប្រទេសសិង្ហបុរី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរី បានជួយសម្រួលការ​ធ្វើមាតុភូមិនិវត្តន៍ របស់ស្រ្តីខ្មែរ ចំនួន៦ នាក់ (៣នាក់ធ្វើការនៅតាមហាង និង៣នាក់ទៀត បម្រើការងារតាមផ្ទះ)។

៨- ប្រទេសហ្វីលីពីន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទសហ្វីលីពីន បានសហការជាមួយអាជ្ញាធរហ្វីលីពីន ជួយ​សម្រួលការ​ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសកេនយ៉ាមកហ្វីលីពីន រួចបន្តមកកម្ពុជា ជូនដល់ពលករ ខ្មែរចំនួន៤នាក់ ដែល​ត្រូវបានចោរសមុទ្រប្រទេសសូម៉ាលីចាប់ជំរិតនិងដោះលែងមកវិញ ក្នុងខែតុលា ឆ្នាំ២០១៦។

ក្នុងឆ្នាំ២០១៥ ស្ថានទូតបានសម្រួលមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរចំនួន៤នាក់។

៩- ប្រទេសចិន

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសចិន បានជួយសង្គ្រោះ និងសម្រួល​ការ​ធ្វើមាតុភូមិនិវត្តន៍ជូនស្រ្តីខ្មែរ ដែលរងគ្រោះដោយការបោកបញ្ឆោតយកទៅរៀបការ ឬធ្វើការខុសច្បាប់ និងពលរដ្ឋកម្ពុជាដែលរស់នៅខុសច្បាប់៖

-ឆ្នាំ ២០១៦ ចំនួន ៦៤ នាក់

-ឆ្នាំ ២០១៥ ចំនួន ១១៧ នាក់

-ឆ្នាំ ២០១៤ ចំនួន ៥៩ នាក់

១០- ប្រទេសជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានជួយសង្គ្រោះ និងសម្រួល​ការ​ធ្វើមាតុ​ភូមិ​និវត្តន៍ជូនដល់ពលរដ្ឋខ្មែរ ចំនួន១៦ នាក់ ក្នុងឆ្នាំ២០១៦ ក្នុងនោះ៩នាក់ជាកម្មសិក្សាការី និង៧នាក់ជាជនរងគ្រោះដោយការជួញដូរផ្លូវភេទ។

១១- ប្រទេសអូស្ត្រាលី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានជួយសង្គ្រោះ និងសម្រួល​ការ​ធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា ចំនួន១នាក់ ក្នុងឆ្នាំ២០១៦ និងពីប្រទេស  ប៉ាពូញូហ្គីណេ ចំនួន៦នាក់ ក្នុងឆ្នាំ២០១៥។

១២- ប្រទេសអារ៉ាប៊ីសាអូឌីត

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋកូវ៉ែត បានជួយសម្រួល​ការ​ធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា៖

-ឆ្នាំ ២០១៦ ចំនួន ១ នាក់

-ឆ្នាំ ២០១៥ ចំនួន ២ នាក់

-ឆ្នាំ ២០១៤ ចំនួន ៧ នាក់

១៣- ប្រទេសរុស្ស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទសរុស្ស៊ី បានជួយសម្រួល​ការ​ធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋខ្មែរដែលធ្វើការខុសច្បាប់ ចំនួន២ នាក់ ក្នុងឆ្នាំ ២០១៦។

១៤- សាធារណរដ្ឋកូរ៉េ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បាន៖

-ផ្តល់សេវាពន្យារសុពលភាពលិខិតឆ្លងដែន និងសេវាកុងស៊ុលផ្សេងៗទៀត ជូនពលករ និងពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ

-ទាមទារប្រាក់ធានារ៉ាប់រង ជូនពលករ-ពលការិនី ដែលរងរបួស ឬបាត់បាត់ជីវិត ដោយសារ គ្រោះថ្នាក់ការងារ​

-ដោះស្រាយការរំលោភបំពានផ្សេងៗពីសំណាក់និយោជក មកលើពលករខ្មែរ ។ល។

 

ភ្នំពេញ, ថ្ងៃទី​ ១១  ខែ មករា  ឆ្នាំ ២០១៧

ចែករំលែក