សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុង​ពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើកទី ១៧ នៃការចូលរួមចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ

34

CNV:

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមផ្ដល់សញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ៣.៥៧៩ នាក់ នៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ដូចមុនៗដែរ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដែលបានចូលរួមនៅក្នុងពិធីនេះ ហើយនេះក៏ជាលើកទី ១៧ ចាប់ពីឆ្នាំ ១៩៩៦ មកដល់ពេលនេះ ដែលខ្ញុំព្រះករុណាខ្ញុំ បានចូលរួមចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ដែលសិក្សានៅក្នុងសាកលវិទ្យាល័យនេះ តាំងពីធ្វើនៅទីតាំងសាកលវិទ្យាល័យ រហូតមកដល់កោះពេជ្រ​យើងនេះ។

សម្ដេចធ្លាប់ជាអ្នកឧទ្ទេសនាមនៅសាកលវិទ្យាល័យនេះ

ខ្ញុំព្រះករុណាខ្ញុំ ពិតជានៅចងចាំថា សាលាក៏បានបើកអោយដំណើរការនៅក្នុងទសវត្សរ៍ ៨០ ហើយបើសិនជា ខ្ញុំព្រះករុណាខ្ញុំ មិនច្រឡំទេ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានទៅធ្វើជាអ្នកឧទ្ទេសនាម សម្រាប់សិក្ខា​កាម​រយៈ​ពេលខ្លី និងមធ្យមនៅទីនោះច្រើនដង។ ពិតមែនហើយ ខ្ញុំព្រះករុណាខ្ញុំ គ្មានតួនាទីជាសាស្រ្តាចារ្យ​កិត្តិ​យស​ដូចជាសាលាភូមិន្ទរដ្ឋបាលនោះទេ ក៏ប៉ុន្តែ ទីតាំងមួយនេះ ជាទីតាំងអនុស្សាវរីយ៍ ដែលជាការចាប់​ផ្ដើម​បណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងការងារគ្រប់គ្រង ទាក់ទងជាមួយនឹងដំណើរការពេលនោះ ហើយ​​ភាគ​ច្រើន គឺខ្ញុំព្រះករុណាខ្ញុំ បានឧទ្ទេសនាមទាក់ទងនឹងវិធីសាស្រ្តគ្រប់គ្រង និងធ្វើការងារ ក៏ដូចជា​ទាក់​ទង​ជាមួយនឹងកិច្ចការបរទេស។ ប្រសិនបើសាលានេះមានតម្រូវការ ខ្ញុំព្រះករុណាខ្ញុំ គិតថា ចង់ស៊ីឈ្នូលបង្រៀន​តាម​ម៉ោង។ ប្រសិនបើនិស្សិតយើងថា មានការចាំបាច់អាចជួលសាស្រ្តាចារ្យឈ្មោះថា តេជោ សែន ទៅ​ឧទ្ទេស​នាមបាន។

កេរ្តិ៍ឈ្នោះសាកលវិទ្យាល័យ

នៅទីនេះ និស្សិតទាំងឡាយដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជា សាស្រ្តាចារ្យ ដែលបង្រៀននៅទីនេះ អាចនឹងសង្កេតឃើញថា មានអតីតនិស្សិតដែលរៀននៅសាលានេះកាលពីមុន កំពុងបំពេញតួនាទីជា​ឧប​នា​យករដ្ឋមន្រ្តី ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី រដ្ឋលេខាធិការមួយចំនួនផងដែរ។ ហើយក្នុងហ្នឹងតួយ៉ាង ដូចជា ឯកឧត្តម ប៊ិន ឈិន ចម ប្រសិទ្ធិ សុទ្ធតែជាអ្នកដែលធ្លាប់សិក្សានៅសាលានេះ។ ដូចនេះ កេរ្តិ៍ឈ្មោះរបស់​សា​លា បានបន្សល់ទុកសម្រាប់ការធ្វើនិរន្តរភាព នៃកិច្ចដំណើការក្នុងដំណាក់កាលថ្មីរបស់យើង។ សាលាមួយ​នេះ គឺបានស្លាប់នៅក្នុងដំណាក់កាល ប៉ុល ពត ប៉ុន្តែ វាក៏ចាប់ផ្ដើម​រស់ឡើងវិញបន្ដិចម្ដងៗ ពីការចាប់ផ្ដើម បើកអោយដំណើរការក្នុងរយៈពេលខ្លី និងមធ្យម តាមរយៈការអញ្ជើញអោយមកទទួលការបណ្ដុះបណ្ដាល​នៅ​ក្នុង​សាលានេះ ដែល ខ្ញុំព្រះករុណាខ្ញុំ ចាំថា កាលពីពេលនោះ យើងមានការឧទ្ទេសនាមដោយថ្នាក់ខ្ពស់ៗ ដែល​ចុះទៅឧទ្ទេសនាមនៅសាលានេះផងដែរ។

គោលនយោបាយរាជរដ្ឋា​ភិបាល ផ្តល់ឱកាសអោយ​វិស័យ​ឯកជន​ ចូលរួមបណ្តុះ​បណ្តាលធនធានមនុស្ស

ការវិវឌ្ឍមកដល់ដំណាក់នេះ ដូចដែល ឯកឧត្តម ពិត ចំណាន បានធ្វើរបាយការណ៍អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ជាមួយនឹងការរីកលូតលាស់នៃសាលានេះ។ វាមិនគ្រាន់តែដំណើរការធម្មតានោះទេ ក៏ប៉ុន្តែ​គោល​នយោបាយអភិវឌ្ឍន៍ ដែលផ្ដល់អោយវិស័យឯកជនចូលរួម។ ក្នុងវិស័យឯកជនចូលរួមនេះ មានវិ​ស័យ​ឯកជន ដែលបានកសាងនូវសាកលវិទ្យាល័យ ហើយក៏ត្រូវបានអនុញ្ញាតអោយសិស្សរៀនបង់ថ្លៃ ប៉ុន្តែ វិស័យឯកជនចូលរួមមួយទៀត គឺសាលារបស់រដ្ឋដែលចែកមួយផ្នែក ដើម្បីអោយសាកល​វិទ្យាល័យ​របស់​រដ្ឋនោះយកទៅប្រើប្រាស់ ដើម្បីការសិក្សាបង់ថ្លៃរបស់និស្សិត។ ការសិក្សាបង់ថ្លៃនោះហើយ គឺជា​ផ្នែក​នៃការចូលរួមរបស់វិស័យឯកជន នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។

ខួបលើកទី ៣០ នៃការប្រកាសចេញនូវអាទិភាព ៤

ឆ្នាំនេះ គឺជាឆ្នាំខួបលើកទី ៣០ នៃថ្ងៃដែល ខ្ញុំព្រះករុណាខ្ញុំ បានប្រកាសចេញនូវអាទិភាព ៤ គឺទឹក ផ្លូវ ភ្លើង មនុស្ស។ (កាលពីពេល)ពេលនោះ ជាដំណាក់កាលមួយដែល ខ្ញុំព្រះករុណាខ្ញុំ គួរតែបញ្ជាក់ថា វាមិន​មែន​ជា​ការគាប់ជួនទេ វាមិនមែនជាការចៃដន្យទេ ដែលយើងបានដាក់ចេញនូវចក្ខុវិស័យមួយ អំពីអាទិភាព​ដែល​ត្រូវយកចិត្តទុកដាក់ទៅលើការវិនិយោគ។ បើគិតពីឆ្នាំ ១៩៨៧ មកដល់ពេលនេះ គឺមានរយៈពេល ៣០ ឆ្នាំហើយ។ ចក្ខុវិស័យស្ដីអំពីបញ្ហា ទឹក ផ្លូវ ភ្លើង មនុស្ស គឺនៅតែត្រឹមត្រូវ ហើយអាចត្រឹមត្រូវរហូត ៣០ ឆ្នាំ ឬ ៥០ ឆ្នាំទៅខាងមុខទៀត ប៉ុន្តែ នៅក្នុងដំណាក់កាលចុងក្រោយនេះ ក្នុងក្របខណ្ឌយុទ្ធសាស្រ្តចតុកោណ យើងគ្រាន់តែធ្វើការប្ដូរមុំតែប៉ុណ្ណោះ ដោយដាក់ចេញនូវលំដាប់មុំអាទិភាព គឺធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង ទៅវិញ។ មិនមែនជាការពើបប្រទះ ហើយធ្វើការសន្យា ពើបប្រទះធ្វើការស្រែក(នោះទេ) ប៉ុន្តែ នេះ​ជា​ក្រប​ខណ្ឌចក្ខុវិស័យ និងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលជាន់នោះ ហើយបន្តដល់ដំណាក់កាលរាជរដ្ឋាភិ​បាល​ជាន់នេះ។

ខួបលើកទី ៣០ នៃការចូលចរចាដោះស្រាយនយោបាយ សីហនុ ហ៊ុន សែន

ហើយក៏មិនមែនជាការចៃដន្យដែរ ដែល ៣០ ឆ្នាំមុននេះ រដ្ឋាភិបាលជាន់នោះបានធ្វើការខិតខំយ៉ាងច្រើន ដើម្បីឈានឆ្ពោះទៅដល់ដំណាក់កាលទៅរកដំណាក់កាលថ្មី។ មានន័យថាម៉េច? នេះជាខួបទី ៣០ ឆ្នាំ នៃការចរចា ដើម្បីរកដំណោះស្រាយនយោបាយ សីហនុ ហ៊ុន សែន ២ ធ្នូ ១៩៨៧/២០១៧។ ជារយៈពេល​៣០ ឆ្នាំ ដែលមាននិស្សិតយើងមួយចំនួន មិនទាន់ទាំងកើតផង។ ប៉ុន្តែ ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ​មួយ​ចំនួន​អាចយល់បាន​អំពីបញ្ហានេះ​។

យើងមិនមែនធ្វើដោយប្រថុយប្រថានទេ មិនមែនជាបញ្ហាងាយស្រួលទេ។ ជីវិតរបស់ ខ្ញុំព្រះករុណាខ្ញុំ អាចមាន​រហូត​មកដល់ពេលនេះ គឺឆ្លងកាត់នូវឧបសគ្គច្រើន មិនមែនគ្រាន់តែបញ្ហាគ្រាប់កាំភ្លើង ដែលត្រូវគេបាញ់​នោះ​ទេ ក៏ប៉ុន្តែ គ្រាប់កាំភ្លើងដែលចេញមកពីការមិនយល់ អំពីអ្វីទៅដែលហៅថា ការកែទម្រង់នយោបាយ ការ​កែទម្រង់សេដ្ឋកិច្ច និងផ្នែកពាក់ព័ន្ធដទៃទៀត គឺជារឿងពិបាកណាស់។ ចាត់ទុកថាវាជាភ័ព្វ​សំ​ណាង​មួយ ក្នុងចំណោមភ័ព្វសំណាងដែល ខ្ញុំព្រះករុណាខ្ញុំ អាចឆ្លងកាត់នូវការលំបាកទាំងនេះ។ ពេលនោះ គឺមានតែ​ពាក្យ​វ៉ៃគ្នាតែមួយគត់ គឺវ៉ៃៗ វ៉ៃងាប់ វ៉ៃរស់ ក្នុងពេលដែលនាយករដ្ឋមន្រ្តី ចាប់ផ្ដើមផ្ដួចផ្ដើមគំនិតធ្វើការចរចា។

អញ្ចឹង សូម្បីតែក្នុងជួរកម្លាំងប្រដាប់អាវុធនៅពេលនោះ បាននិយាយពាក្យចេញមកថា ប្រសិនបើធ្វើការចរចា គឺស្មើនឹងបំបាត់ចោលនូវសមិទ្ធផលសង្គមជាតិកាលពីពេលនោះ។ គិតតែពីវ៉ៃ ព្រោះកើតឡើងឃើញ​តែ​សង្រ្គាម។ សង្រ្គាម គឺមានតែវ៉ៃគ្នា អត់មានចរចា ប៉ុន្តែ សម្រាប់ទស្សនៈរបស់ ខ្ញុំព្រះករុណាខ្ញុំ គិតថា ការ​ប្រើ​ប្រាស់​សង្រ្គាម ដើម្បីបញ្ចប់សង្រ្គាម វាមិនអាចធ្វើទៅរួចទេ ហើយលើការជាក់ស្ដែង ប្រទេសក្នុង​តំបន់​​របស់​យើង ដែលមកដល់ពេលនេះ ប្រតិបត្តិការមួយចំនួននៅលើកោះមិនដាណាវ (Mindanao Island) របស់​ហ្វីលី​ពីន និងប្រតិបត្តិការបទឈប់បាញ់ ដែលមិនទាន់បានកើតទូលំទូលាយ ហើយក៏មិនទាន់បានគ្រប់​គ្រង​​បទឈប់បាញ់ទាំងស្រុងនៅមីយ៉ាន់ម៉ា ក៏ដូចជា ផ្នែកខ្លះនៅភាគខាងត្បូងរបស់ប្រទេសថៃ។

គេបានឃើញជាឧទាហរណ៍រួចស្រេចទៅហើយ អំពីបញ្ហាការចង់ប្រើប្រាស់នូវសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែ យើងប្រើ​ប្រាស់មធ្យោបាយចរចា ដើម្បីបញ្ចប់សង្គ្រាម ហើយចុងក្រោយបំផុត យើងប្រើនូវនយោ​បាយ​ឈ្នះ​ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម ដែលធ្វើអោយទឹកដីរបស់យើង បានឯកភាពជាលើក​ដំបូងក្នុង​ប្រវត្តិ​សាស្រ្ត​រាប់​រយឆ្នាំរបស់កម្ពុជា។ ដូច្នេះហើយបានជានេះ​ជាឱកាសធំបំផុត សម្រាប់យុវជនកម្ពុជា ដែលកាលពី​សម័យ​មុន អ្នកដែលនៅលើនេះ បានបាត់បង់ឱកាសច្រើនណាស់ ខ្លះបាត់ទាំងអាយុជីវិត …។

នឹងនិយាយជាមួយប្រធានាធិបតី ដូណាល់ ត្រាំម៍ ពេលប្រជុំអាស៊ាន/អាមេរិក

ប៉ុន្មានថ្ងៃនេះ ខ្ញុំបានឃើញនៅលើកញ្ចក់ទូរ​ទស្ស​ន៍​ ស្ទើ​រតែគ្រប់ទូរទស្សន៍ គេយកបទសម្ភាសន៍របស់ប្រធា​នាធិបតីហ្វីលីពីន ឌូទើតេ យកមកចាក់ផ្សាយ។ បទសម្ភាសន៍នេះល្អ។ យើងមិនមែនគ្រាន់តែរង​គ្រោះត្រឹម​កម្រិត​ប្រជាជនហ្វីលីពីនទេ ក៏ប៉ុន្តែ គ្រាប់បែក ២ លាន ៧ សែនតោន ហើយខ្ញុំកំពុងតែត្រៀមបម្រុងថា ពេលប្រជុំអាស៊ានខាងមុខ អាស៊ាន និងអាមេរិក ខ្ញុំត្រូវតែនិយាយទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំម៍ អោយច្បាស់ៗ។ ប្រហែលជាខ្ញុំមិនប្រើសុន្ទរកថាទេ ក៏ប៉ុន្តែ ខ្ញុំគួរតែប្រើការនិយាយត្រង់ៗ​ជាមួយនឹងប្រធានាធិប​តី​រូបនេះ ដែលគាត់អាចនឹងមកចូលរួមប្រជុំអាស៊ាន-អាមេរិក នៅឯ ម៉ានីឡា។ ពេលនោះ យើងគួរតែ​និយាយ​គ្នា​ដោយបញ្ជាក់អំពីបញ្ហាទាំងឡាយ ដែលមានការពាក់ព័ន្ធនៅក្នុងប្រទេសរបស់យើង។ នេះជាផ្នែកមួយ នៃ​ទំនាក់ទំនងអន្តរជាតិ …។

អត្រាសិស្សមានការងារធ្វើខ្ពស់ និងមាននិស្សិតបរទេសរៀននៅសាលាកម្ពុជាដែរ

វិលមកនិយាយនៅសាលានេះវិញ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តម ពិត ចំណាន ថ្ងៃនេះ យើងចែក​សញ្ញាបត្រ ចំនួន ៣.៥៧៩ នាក់ ហើយភាគច្រើននៃអ្នកទាំងនេះ បានបញ្ចប់ការសិក្សា និងកំពុងតែ​មាន​ការ​ងារធ្វើ។ បើយោងទៅលើការសិក្សានៅក្នុងទីនេះ ចំនួនអ្នកដែលមានការងារធ្វើមានកម្រិតខ្ពស់ ដែលអាច​ចាត់​ទុកថា ត្រូវរក្សានូវល្បឿន នៃការបណ្តុះបណ្តាលនេះ ដើម្បីបន្តដោះស្រាយការងារធ្វើ​សម្រាប់និស្សិតដែល​បញ្ចប់​ការសិក្សានៅទីនេះ … អាចចាត់ទុកថា ជាអត្រាមួយខ្ពស់ដែលខ្ញុំសូមយកឱកាសនេះ អំពាវនាវ​អោយ​សាកលវិទ្យាល័យពង្រឹងការខិតខំ ជាមួយនឹងការធ្វើទំនើបកម្មក្នុងវិស័យការសិក្សានេះ តាមរយៈការវិនិ​យោគ​បន្ថែមទៀត ធ្វើយ៉ាងណាអោយនិស្សិតរបស់យើងអាចទទួលបាននូវការបណ្តុះបណ្តាល ប្រកប​ដោយ​​គុណ​ភាពខ្ពស់។

… យើងត្រូវខិតខំដើម្បីបន្តពង្រឹងគុណភាពក្នុងវិស័យអប់រំ បណ្តុះបណ្តាលនៅក្នុងសាកលវិទ្យាល័យនេះ ហើយជាការកត់សម្គាល់ ក៏មានសាស្រ្តាចារ្យ​បរទេស និងមាននិស្សិតបរទេស បានបញ្ចប់ការ​សិក្សា​នៅ​ក្នុង​ប្រ​ទេសរបស់យើងនេះផងដែរ។ ដូច្នេះ ខ្ញុំសូមអរគុណណាស់ ជឿជាក់ថា សាកលវិទ្យាល័យមួយនេះ មាន​សិស្ស​មកពីកូរ៉េ វៀតណាម ជប៉ុន ចិន និងបារាំង ហើយអ្នកដែលកំពុងសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ មានបារាំងដល់ទៅ ២៩ នាក់ ចិន អាមេរិក បង់ក្លាដេស កូរ៉េខាងត្បូង និងជប៉ុន។

ស៊ើប និងឈានទៅបិទ អង្គការក្រៅរដ្ឋាភិបាល ប្រមាថថា កម្ពុជា មានម្តាយលក់កូនស្រី​អោយធ្វើ​ស្រ្តី​ពេស្យា

អញ្ចឹងទេ បង្ហាញអោយឃើញថា កម្ពុជាមិនមែនជាឋាននរកនោះទេ ដូចអ្វីដែលគេនិយាយពីបញ្ហានេះ​បញ្ហា​នោះ តែរឿងសិទ្ធិរបស់គេអ្នកនិយាយ គឺរឿងផ្សេង សម្រាប់យើងគឺជារឿងផ្សឹង ដែលខ្ញុំតែងតែនិយាយ​ហើយ​ថា កម្ពុជាមាន ២។ កម្ពុជាមួយ គឺកម្ពុជាពិត ដែលយើងកំពុងតែស្ថិតនៅ តើវានៅក្នុងស្ថានភាពយ៉ាងម៉េច? ឯកម្ពុជាមួយទៀត គឺកម្ពុជាដែលគេបានដើរទៅឃោសនានៅខាងក្រៅ និងកម្ពុជានៅលើទំព័រសារព័ត៌មាន។ ហើយខ្ញុំក៏សូមបញ្ជាក់ពីនេះថា ក្នុងឋានៈជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមិន​អាច​ទទួល​យក​បានទេ នូវការប្រមាថរបស់អង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការចុះផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ CNN និង ABC ផងដែរ ថា នៅកម្ពុជា ម្តាយយកកូនស្រីទៅលក់ដើម្បីធ្វើស្រីពេស្យា​នោះ។ នេះជាការ​ប្រ​មាថ​ដ៏ធ្ងន់ធ្ងរមួយ។

ពីម្សិលម្ងៃនេះ នៅថ្ងៃអាទិត្យ ខ្ញុំក៏បានបញ្ជាអោយក្រសួងមហាផ្ទៃ​ស៊ើបអង្កេត​នូវរឿង​នេះ ហើយគប្បីត្រូវបិទ​ចោល​​នូវអង្គការក្រៅរដ្ឋាភិបាលមួយនេះ មិនអាចអោយអ្នកឯងប្រមាថ​ជនជាតិ​របស់​ខ្ញុំ​បានទេ។ នេះ​ខ្ញុំ​មិន​ទាន់​ធ្វើផង បើសិនជាខ្ញុំបើកដៃអោយមានបាតុកម្ម(នោះ) អ្នកឯងនឹងក្លាយទៅជាអ្វី? ដែលអ្នកឯង(និ​យាយ​​ថា) យកកូនទៅលក់? ខ្ញុំចង់កត់សម្គាល់មើលថា តើបណ្តាគណបក្សនយោបាយនានានៅកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលនានានៅកម្ពុជា ប្រតិកម្មយ៉ាងម៉េច? ដែលគេកំពុងតែប្រមាថប្រពន្ធរបស់ខ្លួន កូន​របស់​ខ្លួន ប្អូនរបស់ខ្លួនដែរនោះ? តើគិតយ៉ាងម៉េច បើសិនជាអ្នកឯងទទួលយកភាសាហ្នឹង? អញ្ចឹង បក្ស​ប្រ​ឆាំង ឬបក្សនយោបាយនានា សុទ្ធតែមានម្តាយយកកូនទៅលក់អោយធ្វើស្រ្តីពេស្យាឬ? វាមានន័យ​ស្មើ​យ៉ាង​ដូច្នេះ។

អញ្ចឹងទេ ខ្ញុំសូមស្នើអោយស្ថានទូតអាមេរិក ធ្វើការស្រាវជ្រាវលើបញ្ហានេះ ព្រោះយើងមិនអាចទទួលយក​បាន​នូវការប្រមាថដ៏ធំមួយនេះ ហើយយើងនឹងឈានទៅបិទរាល់អង្គការក្រៅរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធ។ … គ្រាន់តែចិញ្ចឹមកុមារកំព្រាប៉ុន្មាននាក់ យកកុមារកំព្រាទាំងនោះមកដាក់កន្លែងមួយ មិនអាចអោយ​អ្នក​ឯង​បើកអង្គការមួយ ហើយយកកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្ញុំ ដើម្បីទៅធ្វើការរៃអង្គាសលុយ​ពីខាងក្រៅ​បាន​ទេ។

ប្រទេសខ្ញុំក្រ ប៉ុន្តែ អ្នកឯងមិនអាចប្រមាថជនជាតិរបស់ខ្ញុំបានទេ

ប៉ុន្មានថ្ងៃនេះ ឃើញតែអ្នកកាសែតតែប៉ុណ្ណោះ និងមានការប្រតិកម្មខ្លះពីផ្នែកនេះ ផ្នែកនោះ ក៏ប៉ុន្តែ ក្នុងឋានៈ​ជា​នា​យក​រដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលប្រទេសនេះ ខ្ញុំមិនអាចទទួលយកបានទាល់តែសោះហើយ។ បើដូច្នោះ ស្រ្តី​ក្នុងនេះ​ទាំងប៉ុន្មានដែលនៅពេលនេះ វាមិនមែនសុទ្ធតែជាស្រ្តីដែលបានម្តាយលក់ ហើយទទួលសញ្ញាបត្រ ឬក៏អី? វាជារឿងមួយដែលមិនអាចទទួលយកបានទេ ហើយផ្តាំទៅស្ថានទូតអាមេរិក កុំបង្កើតបញ្ហាច្រើនពេក។ ឥឡូវ នៅក្នុងប្រទេសរបស់ខ្លួនកំពុងមានបញ្ហាច្រើនណាស់ទៅហើយ ហើយយើងនឹងពិនិត្យមើល​អំពី​បញ្ហា​នេះតទៅទៀត។ បើគ្រាន់តែយកខ្មែរទៅធ្វើដើមទុន ដើម្បីទៅរៃអង្គាស គឺមិនអាចទទួកយកបានទេ។ អញ្ចឹង ត្រូវអនុវត្តអោយម៉ឺងម៉ាត់បំផុត នូវច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល។ បើគ្មានច្បាប់ទេ វាលំបាក​ហើយ វាអញ្ចឹង។ អញ្ចឹង បានគេតម្រូវអោយធ្វើច្បាប់នេះ គ្រប់គ្រងសារធារណៈមតិ និងការគ្រប់គ្រង​ខាង​ផ្នែករដ្ឋបាល ត្រូវ​បាន​ធ្វើភ្លាមៗបន្ទាប់ពីប្រតិកម្ម ព្រោះយើងមិនចង់អោយមានបាតុកម្ម ដើម្បីទៅប្រឆាំង​ស្ថានទូតអាមេរិក និង​អង្គ​ការក្រៅរដ្ឋាភិបាលទេ។

កុំភ្លេច នៅប្រទេសច្រើនណាស់ ជួនកាលគ្រាន់តែគូររូបថ្លុក មហាម៉ាត់ គឺទស្សនាវដ្តីនោះត្រូវបានគេវាយប្រហារ ឬ​គេ​ត្រូវ​បានធ្វើរឿងនេះ ធ្វើរឿងនោះ ប៉ុន្តែ សម្រាប់ប្រទេសរបស់យើង ត្រូវបានគេប្រមាថរហូតទៅម្តាយយក​កូនទៅ​លក់។ តើវាសមហេតុសមផលទេ? ឥឡូវអង្គការមួយនេះ ត្រូវតែស្ថិតនៅក្នុងស្ថានភាពនៃការស៊ើបអង្កេត ហើយខ្ញុំដាក់បញ្ជាអោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសពិនិត្យមើល និងបិទចោលភ្លាមៗ នូវ​ទង្វើបែបនេះ។ មើលយុវជន កុមារមានប៉ុន្មាន? យើងមានសមត្ថភាពចិញ្ចឹមទេ? យើងពិតជា​មាន​សមត្ថ​ភាព។ … ប្រទេសខ្ញុំក្រ ប៉ុន្តែ អ្នកឯងមិនអាចប្រមាថជនជាតិរបស់ខ្ញុំបានទេ។ អ្នកឯងបានធ្វើ​រឿង​ទម្លាក់​គ្រាប់​បែក​មួយហើយ​ ប៉ុន្តែឥឡូវរឿងអញ្ចឹងទៀត។ ទូរទស្សន៍ CNN សមតែ​ប្រធា​នា​ធិបតី ត្រាំម៍ គាត់ជេរហ្នឹង។ ត្រូវណាស់។ សុំផ្តាំប្រធានាធិបតី ត្រាំម៍ ផងថា ឯកឧត្តមជេរ CNN ត្រូវ​ហើយ អត់ខុសទេ។ សារព័ត៌មាន​អា​មេ​រិកខូចណាស់ …។

ការពង្រឹងសមត្ថភាពបុគ្គល

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរចំពោះជ័យលាភីទាំងអស់ ដែលទទួល​សញ្ញា​បត្រនៅថ្ងៃនេះ ហើយសង្ឃឹមថា ជ័យលាភីរបស់យើងនឹងយកចំណេះដឹង ដែលបានទទួលនៅទីនេះ យកទៅអនុវត្តនៅក្នុងដំណើរជីវិតរបស់យើង។ ប៉ុន្តែ ការផ្តាំផ្ញើធំបំផុតរបស់ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាមុនៗ​ដែរ សូមអោយបន្តការខិតខំ ដើម្បីពង្រីកនូវសមត្ថភាពរបស់យើង តាមរយៈការរៀនបន្ថែមពីថ្នាក់បរិញ្ញា​ទៅបរិញ្ញាជាន់ខ្ពស់ ពីថ្នាក់បរិញ្ញាជាន់ខ្ពស់ទៅថ្នាក់បណ្ឌិត ហ្នឹងមួយផ្នែក ប៉ុន្តែ មួយផ្នែកទៀត គឺរៀន​ស្វ័យ​សិក្សា។ ការពង្រឹងសម្ថតភាពតាមរយៈការធ្វើការងារ និងការស្រាវជ្រាវផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់​សាលាទេ ក៏​ប៉ុន្តែ ការស្រាវជ្រាវផ្ទាល់ជាមួយនឹងបញ្ហាការងារ គឺពិតជាតម្រូវការរបស់មនុស្ស មិនថាតែ​និស្សិតរបស់​យើង​ដែលបញ្ចប់ការសិក្សា ហើយបំពេញការងារ ឬក៏មិនទាន់មានការងារធ្វើនោះទេ ក៏ប៉ុន្តែ សូម្បីតែថ្នាក់​ដឹក​នាំកំពូលៗ ក៏ចាំបាច់ត្រូវតែធ្វើការងារ ត្រូវតែធ្វើការស្រាវជ្រាវដែរ បើមិនដូច្នោះទេ វានឹង​អាច​កើត​ឡើង​នូវ​ស្ថាន​ភាពនៃអភិរក្សនិយម។ ភាពអភិរក្សនិយម នៃមេដឹកនាំ វាបង្កើតបានស្ថានភាពគ្រោះថ្នាក់ សម្រាប់ការ​រីក​លូតលាស់នៃផ្នែកខាងក្រោម ជាពិសេស ចលនាសម្រាប់យុវជននោះឯង។

បើមន្ត្រីណាមិនចេះប្រើស្មាតហ្វូន និងបច្ចេកវិទ្យាទំនាក់ទំនងទេ មិនបាច់តែងតាំងទេ

ការធ្វើយុវកម្ម មិនមែនគ្រាន់តែធ្វើសម្រាប់កុមារ និងយុវជនទេ ក៏ប៉ុន្តែ ខួរក្បាលរបស់មនុស្សចាស់ ក៏ធ្វើ​យុវកម្ម​ដែរ ឧទាហរណ៍៖ បញ្ហាបច្ចេកវិទ្យាព័ត៌មាន ធ្វើយ៉ាងម៉េចមេដឹកនាំ ទោះបីអាយុ ៧០ ឬ ៨០​ ក៏​ដោយ ប្រឹងរៀនវាអោយចេះ បើយ៉ាងហោចណាស់មួយជុំវិញប្រព័ន្ធទូរស័ព្ទនេះ ត្រូវប្រឹងរៀន ប្រឹងចេះ Smartphone ហ្នឹងអោយចេះអស់ប៉ុណ្ណឹង។ បើចេះអស់ប៉ុណ្ណឹង គឺថាគ្រប់គ្រាន់ ដើម្បីធ្វើការងារជាមួយ​គេ​ជា​មួយឯងហើយ។ បើមិនចេះទេ មិនតែងតាំងអោយទេ។ យកមកចូលជាមួយគេ ចូលវាមិនកើត។ ឧទា​ហរណ៍៖ … របៀប​ទំនាក់ទំនងវាមានអីខ្លះ ដែលជាបច្ចេកវិទ្យារបស់អាមេរិក Line ដែលជាបច្ចេកវិទ្យារបស់ជប៉ុន Telegram ដែលជាបច្ចេកវិទ្យារបស់រុស្ស៊ី WeChat ដែលជាបច្ចេកវិទ្យារបស់ចិន នៅមានប្រព័ន្ធដទៃទៀត អាចនឹងមាន​ Khmer Chat នៅពេលខាងមុខនោះ សម្រាប់មេដឹកនាំកម្ពុជា ដែលក្រុមយុវជនមួយក្រុម គេកំពុងតែតម្លើង។ … បើមិនចេះ អាហ្នឹងមិនបាច់មកតែងតាំងស្អីទេ …។

… ខ្ញុំផ្តាច់ កាញារីទ្ធ ចេញពីក្រុម ព្រោះថា មិនដឹងថា កាញារីទ្ធ ប្រើទូរស័ព្ទមួយណាផង ដល់បញ្ជូន​ក្នុង​ក្រុម​រាជ​រដ្ឋាភិបាល មិនដែលឃើញ កាញារីទ្ធ មើលផង។ អញ្ចឹង ផ្តាច់គាត់ចោល អត់មាននៅក្នុងក្រុមទេ។​ ហ្នឹងរដ្ឋមន្ត្រីព័ត៌មាន ដែលគាត់មិនមើលព័ត៌មាន។ ចប់ត្រឹមហ្នឹងហើយ។ បើនិយាយពីបើកមើល Line វិញ គាត់ពូកែ។ Line អ្នកណាផុសក៏ដោយ គឺ កាញារីទ្ធ Like។ … ខ្ញុំតែងតែបញ្ជូនទៅក្នុងក្រុមរដ្ឋាភិបាល ដល់ក្រុមហ្នឹងមិនដែលឃើញ កាញារីទ្ធ ហើយក្រែងលោព័ត៌មានរបស់យើងត្រូវបែកធ្លាយទៅណា ព្រោះ​ ជួនកាលទុកទូរស័ព្ទចោល។ … ឆ្នាំនេះក៏ជាខួប ៤០ ឆ្នាំរបស់កូនខ្ញុំដែរ គឺវាចៃដន្យណាស់ យើងទៅធ្វើខួប ៤០ ថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ – ២០ មិថុនា ២០១៧ ខួប ៤០ ឆ្នាំ។ ការចាកចេញរបស់ ខ្ញុំព្រះករុណាខ្ញុំ ទៅដឹកនាំការតស៊ូ ដើម្បីសង្គ្រោះជាតិ ចេញពីរ​បបប្រល័យពូជសាសន៍ ២០ មិថុនា ១៩៧៧ កូនកើត ៤ ខែគត់។ ការចាកចេញរបស់ខ្ញុំព្រះករុណាខ្ញុំ នៅពេលដែលភរិយាមានផ្ទៃពោះជាង ៥ ខែ។ នេះជា​អនុស្សាវ​រីយ៍​ដើម ហើយចេញពីចំណុចនោះហើយ វាដល់ចំណុចនេះ។

ស្ថានភាពទឹកជំនន់នៅខេត្តប៉ែកខាងលើ ឈានដល់កម្រិតប្រកាសអាសន្ន

ឥឡូវ សម្រាប់ស្ថានភាពប្រទេសរបស់យើង ទឹកជំនន់នៅប៉ែកខាងលើ បានដើរទៅដល់កម្រិតនៃ​ការ​ប្រ​កាស​អាសន្ន ប្រកាសអោយមានការប្រុងប្រយ័ត្ននៅខេត្តស្ទឹងត្រែង សល់បន្តិចវាទៅដល់។ លំហូរទឹក​​នៅ​តាម​ដងទន្លេមេគង្គចុះមក បានចូលទៅបំពេញព្រែកបឹងបួរទាំងឡាយនៅប៉ែកខាងលើក្រចេះ កំពង់ចាម។ ប៉ុន្តែនៅរាជធានីភ្នំពេញរបស់យើង ទឹកនៅទាបដែលមិនទាន់តាមការចង់បានរបស់យើងទេ យើងចង់បាន​​ទឹក​នៅ​​ទី​ក្រុងភ្នំពេញ នៅចតុមុខក្នុងកម្រិតទាប គឺ ៩,៣០ ម៉ែត្រ ឬអាចថាលើសពីនឹងបន្តិចក៏មិនបញ្ហា។ តែ​ថ្ងៃនេះ ទឹកទើបបាន ៨,៨២ នៅឡើយ ដោយសារតែនៅស្ទឹងត្រែង ក្រចេះ ទឹកចាប់ទ្រឹង។ កំពង់​ចាម​នៅ​ឡើង​បន្តិច ហើយនៅភ្នំពេញនេះ អាចនឹងឡើងបានរយៈពេល ២ ថ្ងៃទៀត។ អញ្ចឹង វានឹងអាច​ឡើង​ទៅ​ដល់ ៩ ម៉ែត្រ តែបើសិនជា ៩ ម៉ែត្រ ឬ ៩ ម៉ែត្រ ១ តឹក ២ តឹក ក៏នៅទាបជាងការចង់បានរបស់យើង តែនេះហៅថា ជំនន់ដំណាក់កាលមួយ វានៅជំនន់ដំណាក់កាលពីរ តែវាមិនទៀងទាត់ទេ។

ឆ្នាំទៅ ពេលជំនន់ដំណាក់កាលទីមួយ ពេលដែល ខ្ញុំព្រះករុណាខ្ញុំ បានទៅដល់មណ្ឌលគីរី ហើយឆ្ពោះ​ដំណើរ​ទៅរតនគីរី តាមផ្លូវគោក សង្ឃឹមថានឹងបានទៅដល់ស្ទឹងត្រែង ដើម្បីមើលទឹកដែលកំពុងតែ​ងើប​ឡើង។ ប៉ុន្តែ នៅពេលដែលធ្វើដំណើរទៅដល់ទីរួមខេត្តរតនគីរី បានឃើញនូវការព្យាករណ៍ធាតុអាកាស និង កម្ពស់ទឹកបានធ្លាក់ចុះនៅខេត្តស្ទឹងត្រែងរួចទៅហើយ។ សង្ឃឹមថា មានអាទីពីរបន្តទៀត ក៏ប៉ុន្តែ ទីពីរនោះវាមិន​បាន​កើតទេ។ ដូច្នេះ ធ្វើអោយយើងអុំទូកឆ្នាំទៅនេះ ក្នុងកម្រិតទឹកទាប។ ឆ្នាំទៅមួយយើងអត់អុំទេ ដោយ​សារវាទាបពេក …។

អរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមបណ្តាខេត្តប៉ែកខាងលើ

ពិតហើយ ​មានកន្លែងខ្លះរងផលប៉ះពាល់ ក៏ប៉ុន្តែ សុំផ្តាំ អ្នកទន្លេបើទឹកមិនលិចទេ មិនមែនអ្នកទន្លេទេ។ អ្នកទន្លេពិបាកចិត្តបំផុត គឺទឹកមិនលិចក្រោមផ្ទះ។ ពិតហើយ នៅពេលទឹកឡើងយ៉ាងដូច្នេះ វាលំបាក​ទៅ​ដល់​រឿងនេះ រឿងនោះ ប៉ុន្តែ ទម្លាប់របស់អ្នកទន្លេ គឺដូច្នេះឯង។ តែយ៉ាងណាក៏ដោយ យើងក៏មាន​ការ​ប្រុង​ប្រយ័ត្ន ដើម្បីរកទីទួលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយសំខាន់បំផុតពិនិត្យទៅលើ​ការ​បាក់​ច្រាំងទន្លេនៅតាមសងខាងទន្លេ។

អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមបណ្តាខេត្ត នៅប៉ែកខាងលើ ហើយជាពិសេស ក្នុងហ្នឹងក៏មានជំនន់ស្ទឹងសែន ដែលតភ្ជាប់ពីខេត្តព្រះវិហារមកខេត្តកំពង់ធំ តែ​វាមិនធ្ងន់ធ្ងរប៉ុន្មាននោះទេ។ ខេត្តមួយចំនួនផ្សេងទៀត ដូចជានៅកំពត និងកោះកុង ជាពិសេស តាម​ផ្លូវ​​ជាតិ​​​លេខ ៤ ក៏បានទទួលរងផលប៉ះពាល់ ប៉ុន្តែ នេះវាជារឿងធម្មតាមួយ សម្រាប់ប្រទេសរបស់យើង។ រឿង​ដែលពិបាកចិត្តជាងគេ គឺរឿងអត់ទឹក ប៉ុន្តែ មានពេលខ្លះទឹកវាច្រើនជ្រុល។

ឥឡូវនេះ កូនរដូវប្រាំងក្នុងរដូវវស្សាបានចាប់ផ្តើមហើយ បន្ទាប់ពីការភ្លៀងធ្លាក់ខ្លាំង និងជម្រៅទឹកឡើង កូនព្យុះជាបន្តបន្ទាប់បាន និងកំពុងកើតនៅតំបន់សមុទ្រខ្លះ។ ព្យុះនេះ ដែលខ្លះកំពុងតែនៅសមុទ្រនៅឡើយ។​សម័យនេះ ព្រលឹមឡើងគេបញ្ជូនព័ត៌មានអោយហើយ។ … ថ្ងៃទី ០៦ នេះ គឺចំថ្ងៃអាទិត្យ ខ្ញុំមិនបានសម្រាកទេ ហើយថ្ងៃអាទិត្យ កន្លងទៅនេះ ខ្ញុំត្រូវនិយាយជាង ៦ ម៉ោង នៅកោះពេជ្រយើងនេះ ជាមួយមន្ត្រីជាង ២ ពាន់​នាក់។ ថ្ងៃទី ០៦ ខាងមុខនេះ ត្រូវចេញដំណើរទៅជប៉ុន ដើម្បីទស្សនកិច្ចផ្លូវការ។ នៅពេលនោះ ក៏​អាច​នឹង​ពិភាក្សាពាក់ព័ន្ធជាមួយនឹងខួប ៥០ ឆ្នាំ នៃទំនាក់ទំនងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដោយសារតែឆ្នាំ ១៩៥៧​ មានអតីតនាយករដ្ឋមន្ត្រីជប៉ុនមួយទស្សនកិច្ចនៅកម្ពុជា។ ដូច្នេះ ឆ្នាំនេះខ្ញុំអាចទស្សនកិច្ចនៅជប៉ុន ហើយនាយករដ្ឋមន្ត្រីជប៉ុនអាចទស្សនកិច្ចនៅកម្ពុជា។

ជាមួយនឹងបញ្ហាទឹកនេះ ខ្ញុំក៏សុំស្នើអោយបន្តការប្រុងប្រយ័ត្នជាបន្តទៀត ជាមួយនឹងបាតុភូតធម្មជាតិដែល កើតឡើង ហើយជាពិសេសការលង់ទឹក ហើយលង់ទឹកស្តាប់ឮ ឃើញតែពីរឿងស្រវឹងស្រាដដែលហ្នឹង និងបាតុភាពខ្លះ គឺក្មេងលេងទឹក ដែលមិនគួរគប្បីនៅក្នុងខែនេះអោយមានស្ថានភាពទុកក្មេងចោល ហើយ​មាន​កន្លែងមួយនោះ គឺថា ដូចជាកូនលង់ទឹក ម្តាយ/ឪពុកចុះទៅជួយ ក៏លង់ខ្លួនឯងទៅ នេះវាជា​រឿងដែល​គួរ​អោយសោកស្តាយ។

អំពាវនាវអ្នកលេងហ្វេសប៊ុក កុំសាងគ្រោះអោយជាតិ តាមរយៈការបំពុលបរិយាកាស

ខ្ញុំព្រះករុណាខ្ញុំ​ សុំយកឱកាសនេះពីទីនេះ អំពាវនាវចំពោះក្មួយៗយុវជន ហើយជាពិសេសអ្នកដែលលេង ហ្វេសប៊ុកទាំងឡាយ សុំកុំបង្កើតបញ្ហា កុំសាងគ្រោះអោយជាតិ តាមរយៈការបំពុលបរិយាកាសនានា។ ប៉ុន្មានថ្ងៃកន្លងទៅនេះ បង្កើតអោយមានបញ្ហាច្រើនណាស់ រឿងវាមិនចេះចប់ ប៉ុន្តែ​ សួរមើល តើវាបានផលអី? បំផុសពីរឿងបញ្ហាការចាប់កូនក្មេងយកទៅវះយកក្រលៀន វះយកនេះ វះយកនោះ ប៉ុន្តែសួរថាវាពិតទេ រឿងអញ្ចឹង? អារឿងអ្នកបំពុលបរិយាកាសបង្ហោះចេញទៅ ប៉ុន្តែ សុំអោយអ្នកបន្តការចែកចាយ ត្រូវពិនិត្យមើលថា តើវាពិតឬ​អត់? គួរត្រូវចែករំលែកបន្ត ឬអត់?

ជួនកាលសុខៗ ទៅជាយន្តហោះធ្លាក់នៅសៀមរាបទៅ។ ផ្អើលម៉ាឈុលអញ្ចឹងទៅ។ សុខៗ ចាប់កូនក្មេងអញ្ចឹង​ទៅ។ រឿងវាពិតទេ? វាមិនពិត។​ ហើយទីចុងបំផុតបានអី? ខ្ញុំគិតថា ដោយសារយុវជននៅក្នុងការគ្រប់គ្រង ហើយនៅក្នុងចំណោមបណ្តាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស គប្បីបណ្តាបក្សនយោបាយ បើមិន​មែន​ជា​បក្សកាន់អំណាចទេ បក្សនយោបាយណាក៏ដោយ​សុទ្ធទែមានតួនាទីទាំងអស់ ដើម្បីអប់រំមនុស្ស​ បើគេជា​សមា​ជិករបស់បក្សយើង កុំអោយគេប្រព្រឹត្តល្មើស។ សុខៗ នាយករដ្ឋមន្ត្រីកំពុង(ត្រូវបាន)ដឹកទៅសង្គ្រោះ​បន្ទាន់​នៅ​ឯប្រទេសបារាំង ឬកំពុងដឹកទៅហុងកុង។

ព្រមានទៅមេបក្សប្រឆាំង ចំពោះការបង្ហោះព័ត៌មានថា សម្តេចស្លាប់ពីសំណាក់សកម្មជនបក្សប្រឆាំង

ខ្ញុំគ្រាន់តែជម្រាប អាបំផុសធុននេះ គឺគ្រោះថ្នាក់ណាស់ គ្រោះថ្នាក់យ៉ាងម៉េច? សុំផ្តាំទៅគណបក្សប្រឆាំង ដែលមានអ្នកគាំទ្ររបស់ខ្លួនធ្វើទង្វើបែបនេះ ប្រយ័ត្នគ្រោះថ្នាក់ខ្លួនឯង នេះជាការព្រមានតែម្តង ព្រោះអី? រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ប្រសិនបើដំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ មានន័យថាម៉េច? មានន័យថា បើនាយករដ្ឋមន្ត្រីស្លាប់ ពេលនោះរដ្ឋាភិបាល គឺអត់តែម្តង រលាយទាំងអស់ គ្មានឧបនាយករដ្ឋមន្ត្រី គ្មាន រដ្ឋមន្ត្រីទាំងអស់ បានសេចក្តីថា នគរមួយនេះ គឺអត់ក្បាលតែម្តង។ បើអត់ក្បាលតើអ្វីវានឹងកើតឡើង? គ្រោះថ្នាក់ណាស់ កម្លាំងប្រដាប់អាវុធដែលត្រៀមជាស្រេចហើយនោះ គេចាត់ការជាមួយអ្វីដែលគេចង់ចាត់។ យកល្អទុកអោយ ហ៊ុន សែន រស់ បើបន់អោយ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ សុំជម្រាបអោយច្បាស់។ ត្រូវនិយាយគ្នាត្រង់ៗ ហើយហ៊ានប្រាប់ការពិត។ គេចាត់ការជាមួយអ្នកណា? គេចាត់ការជាមួយអ្នក​ឯង​មុន​គេ។

សុខៗ បំផុស ហ៊ុន សែន ស្លាប់។ មានថ្ងៃណាមួយនោះ ក្នុងខែ មិថុនា យើងទៅវ៉ៃកូនហ្គោល ថ្ងៃនោះថ្ងៃដែល​គេ​បង្ហោះ សម្តេច ហ៊ុន សែន ស្លាប់ហើយ សូមចូលរួមមរណទុក្ខផង ដោយធ្លាក់យន្តហោះ​ក្នុងពេល​ធ្វើដំណើរ​ទៅ​វៀត​ណាម។ បើសិនជាអញ្ចឹង ឥឡូវ ខ្ញុំឧបមាថា យើងគ្រប់គ្រងសភាពការណ៍អត់បាន ស្រាប់តែកងទ័ព​ចេញ​គិល​មក​។ មិនមែនធម្មតាពេកទេអស់លោក។ អារឿងអញ្ចឹងៗ ច្រើនតែចេញពីសមាជិកបក្សប្រឆាំង។ អញ្ចឹងទេ បើ​មេបក្សប្រឆាំងមិនគ្រប់គ្រងបញ្ហាហ្នឹងទេ អ្នកដែលគ្រោះថ្នាក់មុនគេ គឺអស់លោក។

ខ្ញុំសុំថា អំពាវនាវទៅកាន់សមាជិក សមាជិកា គណបក្សប្រឆាំង គឺមិនគ្រប់គ្រាន់ទេ អំពាវនាវអោយមេបក្ស​ប្រ​ឆាំងមើលសមាជិកសមាជិការបស់ខ្លួនអោយបានច្បាស់ បើសិនជាបន់អោយ ហ៊ុន សែន ស្លាប់ អ្នកឯង នឹងគ្រោះថ្នាក់មុនគេទេ។ … អស់លោកមិនទាន់មានលទ្ធភាពឃុំគ្រងសភាពការណ៍ទេ។ ផលចំណេញ​អស់​លោក​បានមកពីការស្លាប់របស់ ហ៊ុន សែន វាមានចំនួនតិចជាងការដែលទុកអោយ ហ៊ុន សែន នៅរស់ នេះខ្ញុំសុំប្រាប់អ្នកឯងអោយបានច្បាស់។ នៅពេលវេលានេះ ហ៊ុន សែន រក្សាបាននូវ​ការ​គ្រប់​គ្រង​លើ​កម្លាំង​ទាំង​អស់ ប៉ុន្តែ អត់ពី ហ៊ុន សែន មិនប្រាកដទេ នៅពេលនោះ គឺរដ្ឋាភិបាលអត់មានក្បាល។ តំណែង​របស់​រដ្ឋ​មន្ត្រី​ទាំងអស់នឹងត្រូវរលាយជាស្វ័យប្រវត្តិ ប៉ុន្តែ អ្នកដែលគ្រប់គ្រងអង្គភាពកងទ័ព ដែលស្ថិតនៅ​មុខងារ​សាធារ​ណៈ គឺមិនត្រូវបានបាត់បង់ទេ។ អាហ្នឹង ហើយជាចំណុចគ្រោះថ្នាក់​សម្រាប់អស់លោក ព្រោះគេ​នៅ​តែ​បញ្ជាកម្លាំងប្រដាប់អាវុធរបស់អង្គភាពរបស់គេបាន។

អំពីរឿងពាក់ព័ន្ធនឹងការលួចចូលគណនីហ្វេសប៊ុករបស់អ្នកដទៃ

ខ្ញុំដាស់តឿនសារជាថ្មី បើអស់លោកកេងចំណេញពីការស្លាប់របស់ ហ៊ុន សែន អ្នកឯងនឹងគ្រោះថ្នាក់ហើយ អញ្ចឹង សុំកុំអី។ ខ្ញុំគិតថា បើសិនជាយើងម្នាក់ធ្វើបន្តិចៗ នាំគ្នាទៅទប់ស្កាត់អាការបំផុសពាក្យចចាមអារ៉ាម។ ឥឡូវរឿងវាអន្តរាយអញ្ចេះទៅទៀត អ្នកដែលមានហ្វេសប៊ុកប្រយ័ត្នអារឿងគេ Hack ចូល គេលួចចូល។ ចាប់​បាន​ប៉ុន្មាននាក់ប៉ុន្មានថ្ងៃនេះ អ្នកដែលបង្ហោះពិតប្រាកដមិនមែនអ្នកម្ចាស់ខ្លួនផង ដោយសារតែអាអ្នក ដែល​យើងចាប់ពិតប្រាកដយកមកនេះ វាចូលទៅលួចរបស់គេរួចដល់ទៅសួរចម្លើយថាមកពីស្អប់អាហ្នឹង។ អញ្ចឹង វាបង្ហោះថា​វានឹងសម្លាប់នាយករដ្ឋមន្ត្រី ដល់ទៅស្រាវជ្រាវក្នុងហ្នឹង អាហ្វេសប៊ុករបស់​មនុស្ស​ហ្នឹង​បញ្ជា​អត់កើតផង ព្រោះវាមកនៅក្នុងដៃម្នាក់ទៀតដែលលួចចូល។ ប៉ុន្តែ កុំភ្លេច​ការប្រឆាំងឧក្រិដ្ឋកម្ម​ផ្នែក​ព័ត៌​មានវិទ្យា មានវិធីសាស្ត្រស្រាវជ្រាវគ្រប់គ្រាន់ យកបានមកអស់ហើយ ម្ចាស់គណនីពិតប្រាកដ អត់បាន​បង្ហោះ​អាហ្នឹងឯណា ទីចុងបំផុតត្រូវគេលួចចូល ហើយយកហ្វេសប៊ុករបស់ខ្លួនយកមកនិយាយអាក្រក់ …។

ទំនាក់​ទំនងរវាងអាមេរិក និងរុស្ស៊ីវាកាន់តែលំបាកយល់

ឥឡូវ តើនេះជាទំនាក់ទំនងស្អីទៅនៅលើពិភពលោកបច្ចុប្បន្ន? វាស្ទើរតែជ្រួលច្របល់ជាង​ដំណាក់កាល នៃ​សង្រ្គាមត្រជាក់ទៀត។ ឥឡូវ រឿងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងវាជារឿងមួយហើយ ប៉ុន្តែ ទំនាក់​ទំនង រវាង​អាមេរិក និងរុស្សី វាកាន់តែលំបាកយល់ ក្នុងពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ ចង់​កែ​លម្អ​ទំនាក់​ទំនង​ជាមួយនឹងរុស្សី បែរជា មួយក្រុមមិនគាំទ្រ ដូណាល់ ត្រាំម៍ បង្កើតនូវច្បាប់ដាក់ទណ្ឌកម្ម​ចំពោះ​​រុស្សី ដើម្បីរារាំងនូវការកែលម្អទំនាក់ទំនង រវាងអាមេរិក និងរុស្ស៊ី …។ អញ្ចឹង ការសងសឹក​ត្រឡប់​មកវិញ រុស្សី​ត្រូវដេញអ្នកការទូតអាមេរិករាប់រយនាក់ចេញពី​ទឹកដី​រុស្ស៊ី។ ​រឿង​ហ្នឹងពួក ISIS ពួកភេរវកម្ម​វាសើច​សប្បាយ ដោយសារតែមហាអំណាចនេះកំពុងទាស់គ្នា​។ តើវាមានឥទ្ធិពលអ្វីទៅលើបញ្ហា​សភាព​ការណ៍​នៅ​អ៊ីរ៉ាក់ នៅលីប៊ី នៅស៊ីរ៉ី នៅយេមែនទេ? ពិតមែន​តែវាមិនធំដុំជ្រុលទៅលើសមរភូមិ ក៏ប៉ុន្តែ ផល​ប៉ះពាល់​របស់​វាដែលផ្ដល់ផលចំណេញទៅដល់ពួក ISIS ពួកភេរវកម្ម គឺវាកើតមានហើយ។ វិបត្តិសេដ្ឋកិច្ច​ពិភព​លោក ទាមទារអោយមានដំណោះស្រាយ អោយមានកិច្ចសហប្រតិបត្តិការរវាងប្រទេសធំៗ ដែល​មាន​សេដ្ឋ​កិច្ច​លូតលាស់ ប៉ុន្តែ បែរជាប្រទេសធំៗទាំងនេះ មានបញ្ហាដែលបង្កឡើងដោយ​សហរដ្ឋអាមេរិក​តែម្ដង។

បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ទាមទារអោយការចរចាប្រាំមួយភាគី

បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង វាទាមទារអោយមានសហប្រតិបត្តិការ ដែលហៅថា ការចរចារប្រាំមួយភាគី វាមានទាំងអាមេរិក វាមានទាំងរុស្សី វាមានទាំងចិន វាមានទាំងជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង ប៉ុន្តែ ធ្វើម៉េច​ឥឡូវ​បើសូម្បីតែអ្នកចូលរួមតុចរចាមិនទាំងត្រូវគ្នាផងនោះ។ បញ្ហាទាក់ទិនទៅនឹងការប្រែប្រួលអាកាសធាតុ វា​ទាមទារ​អោយ​មានសហប្រតិបត្តិការវាងប្រទេសធំៗ ដែលបញ្ចេញឧស្ម័ន គេហៅថា បំផ្លាញបរិស្ថានទាមទារអោយ​មាន​សហប្រតិបត្តិការជាមួយគ្នា ប៉ុន្តែឥឡូវចេះតែកើតមានបញ្ហា។ អញ្ចឹងទេ យើងដូចជាកំពុងស្ថិតនៅក្នុង​ពិភពលោកមួយដែលស្ទើរតែផ្ទុះនូវសង្រ្គាមនុយក្លេអ៊ែរទៅហើយ។ លំបាកយល់អំពីសភាពការណ៍នេះ​។ ប៉ុន្តែ​ យើង​នឹង​ប្រឹងស្វែងយល់អំពីសភាពការណ៍តទៅទៀត។ អញ្ចឹង អាមេរិកនយោបាយរបស់ខ្លួនអាច​អាង​ទៅ​លើ​ទណ្ឌកម្ម ប៉ុន្តែ ទណ្ឌចុះទណ្ឌឡើង គឺវាតិច ឬច្រើនវាមានផលប៉ះពាល់។ ទ្វារដែលអ្នកឯងបិទ អ្នក​ឯងក៏ចេញមិនរួច គេក៏ចូលមិនបាន​ វាតែប៉ុណ្ណឹង។ ពីដើមដៃគូសេដ្ឋកិច្ចទូលំទូលាយច្រើន ក៏ប៉ុន្តែ ដៃគូ​សេដ្ឋកិច្ចកាន់តែតូចទៅៗ។ … យើងមិនកាន់ជើង ហើយក៏មិនស្តីបន្ទោសអ្នកណាទេ។ ក៏ប៉ុន្តែ យើងអំពាវ​នាវ​អោយ​មានកិច្ចសហ​ប្រតិបត្តិការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហា ជាជាងការប្រឈមមុខដាក់គ្នា​លើបញ្ហា​នេះ​បញ្ហានោះ។ ហើយខ្ញុំក៏នូវបន្ដការអំពាវនាវធ្វើយ៉ាងម៉េច ដើម្បីគ្រប់គ្រងការបំផុសព័ត៌មានចចាមអារ៉ាម ដែលគ្រោះថ្នាក់កើត​ឡើងនូវការភិតភ័យ សម្រាប់ប្រជាពលរដ្ឋរបស់យើង។

ពាំនាំ

ហើយជាបន្ដទៅទៀតនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនភ្លេច​នាំមក សម្រាប់ប្រគេន និងជូនចំពោះនិស្សិតជ័យលាភី​ថ្ងៃនេះ​ចំនួន ៣.៥៧៩ អង្គនាក់ ក្នុងមួយអង្គនាក់ (ថវិកា) ចំនួន ៥ ម៉ឺនរៀល។ កាលមុននោះតែ ៣ ម៉ឺនទេ​ ក៏ប៉ុន្តែ​សេដ្ឋកិច្ចរបស់យើងក៏វាឡើង ដូច្នេះ យើងក៏ឡើងទៅតាម​ទឹកលុយ​ហ្នឹងដែរ។ ជូនសាស្រ្ដាចារ្យ និងបុគ្គលិក​ចំនួន ៥៦៤ នាក់ ក្នុងមួយនាក់ៗ ១០ ម៉ឺនរៀល។ ជូនសាកល​វិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យា​សាស្រ្ដ​សេដ្ឋកិច្ច ចំនួន (ថវិកា) ៥ លានរៀល។

ចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះអង្គការក្រៅរដ្ឋាភិបាលមួយ

ថ្ងៃនេះ យើងជួបគ្នា ហើយនិយាយ​ពីនេះ​ពីនោះ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំគិតថា វានឹងបាន​ក្លាយទៅជា​ការ​គិតគូរមួយរបស់និស្សិត និង​សាស្រ្ដាចារ្យរបស់យើង ក៏ដូចជា សារបញ្ជូនទៅកាន់បណ្ដាខេត្ត និងក៏​ដូច​ជា​​បណ្ដាញ​ការ​បញ្ចេញព័ត៌មាននានា និងការស្រាវជ្រាវ ដើម្បីធ្វើអនុវត្តរបៀបណានោះ ទៅលើអង្គការ​ក្រៅរដ្ឋា​ភិ​បាល​​​បរទេសមួយ ដែលយកកម្ពុជាធ្វើ​ជាដើមទុន ដើម្បីរៃអង្គាស ហើយបន្តុះបង្អាប់មើលងាយ​មើលថោក​ចំពោះ​ជាតិសាសន៍មួយនេះ ដែលយើងមិន​អាចទទួលយកបានទេ មិនត្រឹមតែមិន​អាច​ទទួល​យកបានទេ គឺមិនអាចអត់ឱនអោយតែម្ដង។ សូមយល់ភាសា​ការទូត​អោយបានច្បាស់។ ភាសាការទូត​គេ​បាន​ប្រើភាសាពីរនៅ​ទី​នេះ បានជាថាជ្រុលនិយាយហើយ ដើម្បីអោយ​មានការយល់គ្នា​។ ភាសាមួយ គឺភាសាថា ​មិនអាច​ទទួល​យក​បាន អាហ្នឹងនៅស្រួលបន្តិច ប៉ុន្តែ បើសិនភាសា​មួយប្រើថា មិនអាចអត់ឱនអោយបាន ភាសានេះ គឺធ្ងន់​ហើយ។ អញ្ចឹង ប្រយ័ត្ននៅក្នុងការមើល។ បើសិនជា​យើងមិន​ចាប់​អារម្មណ៍ទៅលើពាក្យពេជន៍ យើងចាត់​ទុក​ថាធម្មតាខ្លាំងណាស់ ក៏ប៉ុន្តែ ភាសាមិន​អាចទទួលយកបានទេ និងមិនអាចអត់ឱនអោយបាន គឺភា​សា​ពីរនេះខុសគ្នា។ មិនអាចអត់​ឱនបាន មានន័យថា តម្រូវតែត្រូវ​រួច​ហើយចាត់វិធានការណ៍ផ្លូវ​ច្បាប់យក​ហើយ។ អញ្ចឹងទេ ខ្ញុំសូមប្រើនេះទាំង​ក្រសួងមហាផ្ទៃ ទាំងសម្រាប់ក្រសួងការបរទេស។ ការប្រមាថមួយនេះ​មិនអាច​អត់ឱនអោយបានទេ។ ដោយតម្លៃណា​ក៏ដោយ អង្គការមួយនេះត្រូវចាកចេញពីកម្ពុជា មិនអាច​អោយ​នៅបានទៀត​ទេ …។

ហើយចុងបញ្ចប់ ជាមួយនឹងការអបអរសាទ​រ ​ចំពោះជោគជ័យ និងវឌ្ឍនភាព នៃសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ក៏ដូចជា ការ​អប់អរចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក